ភ្នំពេញ ៖ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញសេចក្តីថ្លែងការណ៍មួយនៅ ថ្ងៃ អង្គារ ១០ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២០ បានស្នើដោយទទូចឲ្យអាជ្ញាធរកម្ពុជាពន្លឿនការបើកសវនាការលើស្ត្រីដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូបានលើកឡើងនូវសំណូមពរខាងលើនេះគឺក្រោយពីមានទារកម្នាក់អាយុ៥ខែ ដែលរស់នៅជាមួយម្តាយនៅក្នុងពន្ធនាគារព្រៃស ដើម្បីរងចាំការកាត់ទោសបានស្លាប់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ ។
ក្នុងសេចក្តីថ្លែងការណ៍នេះក៏បានរំលឹកថា ស្ត្រីដែលជាម្ដាយរបស់ទារករងគ្រោះនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃសរជាបណ្ដោះអាសន្ន កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ដើម្បីរង់ចាំសវនាការ បន្ទាប់ពីស្ត្រីរូបនេះ បានរងការចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រភេទមេតាហ្វេតាមីន ដែលមានតម្លៃត្រឹមតែមួយម៉ឺនរៀល ឬ ២.៥ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រីមិនត្រូវបានផ្ដល់មេធាវីការពារក្ដីទេ ហើយក៏មិនបានដឹងពីសិទ្ធិ ក្នុងការស្នើសុំនៅក្រៅឃុំនោះដែរ។
ជាមួយគ្នានេះដែរអង្គការលីកាដូក៏បានអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធាន ការស៊ើបអង្កេតករណីស្លាប់ទារកនេះក្នុងពន្ធនាគរ ព្រមទាំងពន្លឿនការបើកសវនាការលើស្ត្រីដែល ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសជាបណ្ដោះអាសន្នឲ្យបានឆាប់រហ័សផងដែរ ៕
សហការី