ប្រទេសរុស្សុី៖ មហាអំណាចយោធា ទីពីរនៅលើពិភពលោក ដែលមានគ្រាប់បែកបរមាណូច្រើនជាងគេបង្អស់លើលោក ក្នុងនោះមានគ្រាប់បែកបរមាណូ ហ៊ីដ្រូសែ ន(hydrogen) មានកម្លាំងផ្ទុះស្មើរំសេវ TNT រាប់លានតោន អាចបំផ្លាញទីក្រុងទាំងមូល ក្នុងមួយប៉ប្រិចភ្នែក។ ប៉ុន្តែរុស្ស៊ីមិនដែលខ្លាចការវាយប្រហារដោយបរមាណូ ទាំងនោះឡើយ។ តែពេលនេះ រុស្ស៊ីបែជាខ្លាច ចុះចាញ់«បរមាណូ កូវីដ-១៩»ដោយសម្រេចបិទព្រំដែនទាំងស្រុង និងហាមគ្រប់ពលរដ្ឋចិន ចូលទៅក្នុងប្រទេសរបស់ខ្លួន។
សារព័ត៌មាន RT បានផ្សាយថា រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃទី១៨ខែកុម្ភៈ បានប្រកាសហាមប្រាមជាបណ្តោះអាសន្ន ដល់ពលរដ្ឋចិនទាំងអស់ចូលក្នុងទឹកដីរុស្ស៊ីនាពេលនេះ មិនថាមានហេតុផលអ្វីនោះឡើយ។ ច្បាប់ហាមប្រាមខាងលើត្រូវបាននាយករដ្ឋមន្ត្រី MIkhail Mishustin ចុះហត្ថលេខា ហើយមានប្រសិទ្ធភាពភ្លាមៗចាប់ពីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២០។រដ្ឋាភិបាលនិងផ្តល់ឲ្យក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ អនុវត្តច្បាប់ខាងលើ។
អ្នកជំងឺ COVID-19 ចំនួន ១៣ ៩៧៨ នាក់ ចាកចេញពីមន្ទីរពេទ្យ
យោងការចេញផ្សាយរបស់ប្រភពព័ត៌មាន en.wikipedia បានបញ្ជាក់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកជំងឺរលាកសួតបង្កឡើង ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ឬ COVID-19 នៅក្នុងប្រទេសចិន និងនៅប្រទេសជុំវិញពិភពលោក សរុបចំនួន២៩នោះ, អ្នកជំងឺចំនួន១៣៩៧៨ នាក់ បានចាកចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយ ។
ប្រភពបានបញ្ជាក់ទៀតថា ចំណែកអ្នកជំងឺឆ្លងសរុប មាន៧៥ ១២៩នាក់ ។ ដោយឡែកអ្នកជំងឺ ២០០៧នាក់ បានបាត់បង់ជីវិត ។ នៅក្នុងប្រទេសចិន អ្នកជំងឺបាត់បង់ជីវិត ចំនួន២០០២នាក់ និង៥នាក់ផ្សេងទៀត គឺនៅជប៉ុន ១ករណី, ហុងកុង ១ករណី, តៃវ៉ាន់ ១ករណី, បារាំង ១ករណី និងនៅហ្វីលីពីន ១ករណី ។
ប៉ុន្តែទោះបីមានអ្នកស្លាប់និងឆ្លងបន្តកើនឡើងក្តី អង្គការសុខភាពពិភពលោក WHO បានអំពាវនាវឲ្យពលរដ្ឋរក្សាស្មារតីរឹងមាំ ដោយ ចំនួនអ្នកស្លាប់ និងឆ្លងវីរុស កូវីដ-១៩ នៅទាប នៅឡើយទេបើប្រៀបធៀបនិង វីរុស SARS ឬ MERS ។ តាមការលើកឡើងរបស់មជ្ឈមណ្ឌុលប្រយុទ្ធប្រឆាំង ជំងឺឆ្លងចិនបានប្រកាសថា ចំនួនអ្នកស្លាប់ ដោយថយចុះ ក្រោម១ភាគរយ ចំពោះមនុស្សដែលមានវ័យ ពី៣០ ទៅ៤០ឆ្នាំ ៕
ដោយ៖ មែវ សាធី