ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ក្រុមការងារអនុសាខាកាកបាទ ក្រហមខណ្ឌច្បាអំពៅ បាននាំយក អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាយកទៅចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋាន ចំនួន ៥០គ្រួសារនៅសង្កាត់វាលស្បូវ ដឹកនាំដោយលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ លោកអ៊ំ ម៉ារ៉េត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងមានការចូលរួមពីមន្ត្រី ក្រុមការងារជាច្រើនអ្នកទៀត ។
លោកញាណ ច័ន្ទសោភា នាយករងរដ្ឋបាលសាលាខណ្ឌបានប្រាប់ថា អំណោយដែលចែកជូនប្រជាពល រដ្ឋនៅថ្ងៃនេះក្នុង១គ្រសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ថវិការ៣ម៉ឺនរៀល និង សម្ភារៈមួយចំនួនទៀត ។ ហើយអំណោយទាំងនេះបានសប្បុរសជនជួយឧបត្ថម្ភគាំទ្រអនុសាខាកាកបាទក្រហមខណ្ឌ ហើយត្រូវបានក្រុមការងារបែង ចែក ជូនប្រពលរដ្ឋទីទ័លក្រនៅតាមបណ្តាសង្កាត់ទាំង៨ នៅខណ្ឌច្បារអំពៅ ដោយឡែកនៅសង្កាត់វាលស្បូវត្រូវបានលោកអភិបាលខណ្ឌដឹកនាំក្រុមការងារចុះដល់លំនៅដ្ឋានដើម្បីផ្តល់អំណោយមនុស្សដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។
សកម្មភាពមនុស្សធម៍នាំយក អំណោយជូនប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋាននេះដែរលោកអ៊ាង ស៊ីផាន ប្រធាន គណៈ កម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា អំណោយទាំងនេះថ្វីត្បិតតែមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនក៍ដោយ តែបានសម្រាល ការលំបាកមួយរយៈពេល ។ ជានិច្ចកាលក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ គ្រួសារក្រីក្រ គ្រួសាររងគ្រោះ ដោយអគ្គីភ័យ អ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋនូវបញ្ហាប្រឈមនានាក្នុងសង្គម និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
លោកអភិបាលបានបន្តថា សកម្មភាពមនុស្សធម៍ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនេះអនុសាខាកាកបាទក្រហមខណ្ឌបានធ្វើជាបន្តបន្ទាប់នៅគ្រប់សង្កាត់ទាំង៨ ប៉ុន្តែសល់ប្រជាពលរដ្ឋក្រីក្រ មួយចំនួនទៀតមិនទាន់បានទទួលនៅឡើយ ហើយសុំអោយបងប្អូនមានការយោគយល់ ក្រុមការងារនិងយកទៅប្រគល់ ជូននៅពេលខាងមុខ ព្រោះសកម្មភាពចែកអំណោយនេះមិនអាចធ្វើឡើងតែម្តងនោះទេ គឺធ្វើទៅដំណាក់កាល ទោះជាយ៉ាងណា ក៍ដោយអនុសាខាកាកបាទក្រហមមិនទុកអោយបងប្អូនស្លាប់ដោយអត់បាយឡើយ ៕
ដោយ៖ សណ្តោស
...