ភ្នំពេញ៖ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នៅអគ្គបញ្ជាការដ្ឋានមានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥ និង ទិសដៅអនុវត្តការងារឆ្នាំ២០១៦។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
បន្ទាប់ពី ឧត្តមសេនីយ៍ទោ ខៀវ សារ៉េន នាយករងទីចាត់ការកលយុទ្ធ អគ្គបញ្ជាការ ឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥ និងទិសដៅអនុវត្តការងារឆ្នាំ២០១៦ រួចមក លោកនាយឧត្តមសេនីយ៍ ជាអគ្គមេបញ្ជាការរងបានចូលរួមយោបល់លើកឡើងជុំវិញការងារអនុវត្តឆ្នាំ២០១៥កន្លងមក លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃទាំងឡាយ ដែលកងយោធពលខេមរភូមិន្ទសម្រចបាននូវភារកិច្ចជាច្រើនជូនប្រទេសជាតិ លើភារកិច្ចការពារជាតិ និងការ ចូលរួមទប់ស្កាត់បង្ក្រាបរាល់ បទល្មើសនានា ដោយរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរជូន សង្គមជាតិ។
លោកបានបន្តថា៖ គ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទរក្សាបានយ៉ាង ខ្ជាប់ខ្ជួនក្នុងការ គោរពវិន័យ មានសាមគ្គីផ្ទៃក្នុងអោយបានស្អិតរមួត បន្តខិតខំហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តតូនាទីភារកិច្ចរបស់ខ្លួន ទទួលបានស្នាដៃគួរ ជាទីមោទនៈ រក្សាការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងរក្សាបាន ល្អនូវចំណងមិត្តភាពរវាងកងទ័ពនៃបណ្តាប្រទេសជាមិត្ត ។
ក្នុងទិសដៅអនុវត្តការងារឆ្នាំ២០១៦បន្ត លោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថាត្រូវ យកចិត្តទុក ដាក់អនុវត្តន៌បានម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រ៣ សកម្មភាព១០ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយយក ចិត្តទុកដាក់លើ ការពង្រឹងការងារហ្វឹកហ្វឺនដល់យោធិនវ័យក្មេងអោយមានសមត្ថភាពពេញលេញ ក្នុងការបំពេញភារកិច្ច ប្រកបដោយ ស្មារតីឆន្ទៈមោះមុតក្នុងបុព្វហេតុការពារជាតិមាតុភូមិ យកចិត្តទុកដាក់ បន្ថែមទៀតលើការកសាងពង្រឹង វិស័យការពារជាតិ ឲ្យបានរឹងមាំលើគ្រប់វិស័យ សំដៅឲ្យបណ្តាកងឯកភាពទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុង ការរក្សាសន្តិភាព ស្ថេរភាព នយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ការពារភាពសុខសាន្ត របស់ប្រជាជន បង្កនូវបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ យកចិត្តទុកដាក់ថែទាំកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ទាំងការបណ្តុះបណ្តាល ហ្វឹកហ្វឺន ជីវភាពរស់នៅ ទាំងខាងស្មារតី សម្ភារៈ សំដៅធ្វើឲ្យមាន សមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ពិសេសគឺ បណ្តាកងឯកភាពបំពេញការងារតាមព្រំដែន ទាំងដែនគោក និង ដែនទឹក ដែនអាកាស។ ពង្រឹងពង្រីក ទំនាក់ទំនងល្អ ជាមួយ កម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដោយ សនិ្តវិធី សំដៅកសាងព្រំដែនឲ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបតិ្តការ និងអភិវឌ្ឍន៍ ៕