ព្រឹត្តិការណ៍«ដំណើរត្រាច់ចរសិល្បៈ»លើកទី២ រៀបចំ​ដោយ​ស្ថានទូតបារាំងប្រចាំកម្ពុជា​ នឹងធ្វេីនៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ ៖​ ស្ថានទូតបារាំងនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០​នេះ​ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា​ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណជនជាថ្មីម្តងទៀតនៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ខាងមុខក្នុងឱកាសនៃការតាំងពិព័រណ៍«ដំណើរត្រាច់ចរសិល្បៈ»លើកទី២នៅក្នុងឧទ្យានស្ថានទូត ។

ក្នុងឱកាស​នោះមានអ្នកសិល្បករ​ល្បីៗចំនួន៩នាក់ ក្នុងនោះមានខ្មែរ៨នាក់និងបារាំងម្នាក់ ត្រូវបានអញ្ជើញឱ្យបង្កើតស្នាដៃសិល្ប:តាមការស្រមើស្រមៃរៀងៗខ្លួនដើម្បីដាក់បង្ហាញជូនដល់មហាជន។ ជាមួយរុក្ខជាតិចម្រុះពណ៌និងដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ ស្នាដៃសិល្ប:ទាំងនោះ ដែលដាក់តាំងនៅតាមទីកន្លែងផ្សេងៗគ្នាក្នុងឧទ្យាន ហាក់ដូចជាកំពុងបង្កើតបានកិច្ចសន្ទនាបែបមនោសញ្ចេតនាមួយយ៉ាងស្ងប់ស្ងាត់ជាមួយធម្មជាតិ។

សេចក្តី​ប្រកាស​បានបញ្ជាក់​អះអាងថា​ ទីនោះជាកន្លែងចងចាំនៃប្រវត្តិសាស្រ្តកម្ពុជានិងជាលំហបៃតងដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញ ដែលកំពុងអវិវឌ្ឍឥតឈប់ឈរ ឧទ្យានស្ថានទូតបារាំងតែងទាក់ទាញចំណាប់អារម្មណ៍របស់សិល្បករនានា។

ជាក់ស្តែង ក្នុងពិព័រណ៍«ដំណើរត្រាច់ចរសិល្បៈ» ឆ្នាំ២០២០នេះ លោកអ៊ុក ជឹមវិចិត្រ, លោកក្រេហ្កូរី ហ្គោសឡាំង, លោករៀម មុនីស៊ីឡុង, លោកម៉ក់ រ៉េមីស្សា, លោកលាង ស៊ីកន, លោកស្រី បណ្តូល, លោកមាស សុឃន, លោក ពេជ្រ សុភាព និងលោកទិត្យ វាសនា នឹងដាក់បង្ហាញស្នាដៃសិល្បៈសហសម័យរបស់ខ្លួន ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ព្រឹត្តការណ៍នេះ ហើយមានលក្ខណៈសមសួនជាមួយនឹងបរិស្ថានធម្មជាតិរបស់ស្ថានទូត។

ជាមួយទេពកោសល្យផ្សេងៗគ្នា សិល្បករភាគច្រើនបានជ្រើសរើសយកដើមឈើដើម្បីផ្សារភ្ជាប់ជាមួយស្នាដៃសិល្បៈរបស់ខ្លួន។ លោកជំទាវអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា យល់ឃើញថា ក្រៅពីលក្ខណ:លម្អ ដើមឈើទាំងនេះបានក្លាយទៅជាតួអង្គពិតៗរបស់ពិព័រណ៍នេះ ។ លោកជំទាវមានប្រសាសន៍ថា៖ «តាមរយៈការរចនារបស់សិល្បករ ដើមឈើទាំងនេះបានក្លាយទៅជាសភាវរស់ម៉្យាងប្រកបដោយរូបឆោមលោមព័ណ៌ល្អដែលយើងត្រូវថែរក្សាផង ជាទីជម្រក និងជាសាក្សីនៃការចងចាំផង។ ដើមឈើទាំងនេះហាក់ដូចជាវត្ថុនឹងថ្កល់ ដែលផ្តល់អត្ថន័យដល់ជីវិត»។

ស្ថានទូតបារាំង ដោយរួមសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា បានផ្តួចផ្តើមគម្រោងនេះឡើងដើម្បីលើកស្ទួយតម្លៃនៃការបង្កើតស្នាដៃសិល្បៈ និងកិច្ចសហប្រតិបត្តិការវប្បធម៌បារាំង-កម្ពុជា។ សាធារណជនអាចចូលទៅធ្វើដំណើរត្រាច់ចរកម្សាន្តនៅក្នុងឧទ្យានស្ថានទូត ដើម្បីទស្សនាស្នាដៃសហសម័យរបស់សិល្បករនៅក្នុងបរិស្ថានដ៏ស្រស់បំព្រងមួយ នៅថ្ងៃសៅរ៍ ទី៧ ខែមីនាខាងមុខ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល (រួមទាំងថ្ងៃត្រង់ផងដែរ)។ ព្រឹតិ្តការណ៍នេះបើកឱ្យសាធារណជនចូលរួមដោយសេរី ដោយពុំចាំបាច់ចុះឈ្មោះជាមុននោះទេ ប៉ុន្តែអាហារ ភេសជ្ជៈ (លើកលែងទឹក) និងកាបូបធំៗនឹងមិនត្រូវបានអនុញ្ញាតឱ្យយកចូលឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print