ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។
ពិធីស្រោចស្រពព្រះសុគន្ធវារី នឹងត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលនឹងត្រូវនឹងស្រោចស្រពព្រះសុគន្ធវារីនៅថ្ងៃនេះរួមមាន៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពីវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក៕