ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានកោះប្រជុំមន្ត្រីយោធា និងសន្តិសុខជាតិ ជាបន្ទាន់ រយៈពេលពីរម៉ោងនៅរដ្ឋធានី Ankara ក្រោយពេលកម្លាំងទាហានប្រទេសនេះរងការវាយប្រហារតាមដែនអាកាស នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី បណ្តាលឲ្យទាហាន៣៣នាក់ស្លាប់ ។
សកម្មភាពខាងលើកើតឡើង ក្រោយពេល ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) មួយគ្រឿងរបស់តួកគី ដែលរំលោភលើដែនអាកាសស៊ីរី ហើយព្យាយាមវាយប្រហារគោលដៅ ក្នុងខេត្តគ្រប់គ្រង ដោយរដ្ឋាភិបាល។ នេះបើតាមប្រភពពីយោធារុស្ស៊ី បានបញ្ជាក់។
សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្សាយថា កងទ័ពតួកគី ចំនួន៣៣នាក់ បានស្លាប់ ហើយនេះជាលទ្ធផល នៃការវាយប្រហារតាមដែនអាកាស ស្ថិតក្នុងខេត្តអ៊ីដលីប (Idlib) ប្រទេសស៊ីរី ។ លោក Rahmi Dogan ជាអភិបាលខេត្ត Hatay ដែលជាខេត្តនៅជាប់ព្រំដែនជាមួយតួកគី-ស៊ីរី បានបញ្ជាក់។
ដើមឡើយ លោក Dogan បានថ្លែងថា ការវាយប្រហារតាមអាកាសនោះ ស្លាប់៩នាក់ ហើយអ្នករងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងប្រទេសតួកគី ។
ហេតុការណ៍មួយនេះ បាននាំឲ្យលោក Tayyip Erdogan ប្រធានាធិបតីតួកគី កោះប្រជុំបន្ទាន់មួយ ស្តីអំពីស្ថានភាពសន្តិសុខ នៅក្នុងខេត្ត អ៊ីដលិប ។ នេះបើតាមការផ្សាយរបស់កាសែត Anadolu គ្រប់គ្រងដោយរដ្ឋាភិបាលតួកគី។
ស្ថានការណ៍ នៅភាគពាយព្យស៊ីរី បាននិងកំពុងតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ។ ក្រុមឧទ្ទាមក្នុងតំបន់ បានបង្កើនវាយប្រហារទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី ។ យោធារុស្ស៊ីបានបញ្ជាក់ថា ទីក្រុងអង់ការ៉ា បានគាំទ្រដល់ក្រុមឧទ្ទាម ក្នុងតំបន់ដែលមានកាំភ្លើងធំ ៕