តាមសារព័ត៌មាន CNA បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីស្តីទី លោក មហាធៀ មហាម៉ាត់ បានប្រកាសថា នៅថ្ងៃទី២ ខែមីនា សភាម៉ាឡេស៊ីនឹងបើកកិច្ចប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដឹកនាំម៉ាឡេស៊ីជាបន្តទៀត។
ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៧ខែកុម្ភៈ ក្រោយការប្រកាសដាក់ចេញនូវកញ្ចប់ថវិកាទំហំ៤.៧៤ពាន់លានដុល្លារ ដើម្បីជួយកាត់ បន្ថយផលប៉ះពាល់ពីជំងឺ COVID-19 លោក មហាធៀ បានបញ្ជាក់ថា ការបោះឆ្នោតមុនអាណត្តិអាចនឹងត្រូវរៀបចំឡើង ប្រសិនបើ សភាមិនអាចឈានដល់ការសម្រេចចិត្តមួយបានទេនោះ នៅកំឡុងការបើកអង្គប្រជុំពិសេស។
យោងតាមលោក មហាធៀ ព្រះមហាក្សត្រម៉ាឡេស៊ី មិនអាចកំណត់បេក្ខជនដែលមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាបានទេ ក្រោយចំណាយពេល២ថ្ងៃកន្លងមកនេះ ដើម្បីសាកសួរសមាជិកសភាទាំងអស់ ដូច្នេះទ្រង់យល់ថា កន្លែងដែលត្រឹមត្រូវដើម្បីកំណត់រក បេក្ខជននាយករដ្ឋមន្រ្តី គឺនៅក្នុងសភា។ លោក មហាធៀ ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី កោះហៅឲ្យចូលគាល់នាថ្ងៃព្រហស្បតិ៍ នេះ មុនការធ្វើសន្និសីទកាសែតខាងលើ។
គួរជម្រាបថា លោក មហាធៀ ដែលមានវ័យ៩៤ឆ្នាំ បានសម្រេចចិត្តលាលែង ចេញពីតំណែងជាប្រធានគណបក្ស Bersatu និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃចន្ទកន្លងទៅ។ ប៉ុន្តែ ទោះព្រះមហាក្សត្រម៉ាឡេស៊ីបានយល់ព្រមក៏ដោយ ទ្រង់បាន តែងតាំងជានាយករដ្ឋមន្ត្រីចាំផ្ទះ ហើយកាលពីថ្ងៃពុធ លោក មហាធៀ បានបង្កការភ្ញាក់ផ្អើលជាថ្មី ដោយប្រកាសថា លោកនឹងត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីពេញលេញវិញ បើសមាជិកសភាភាគច្រើនគាំទ្ររូបលោក។ មិនតែប៉ុណ្ណោះ បើតាមការអះអាងរបស់អគ្គលេខាធិការបក្ស Bersatu នៅថ្ងៃព្រហស្បតិ៍នេះ លោក មហាធៀ ក៏បានយល់ ព្រមវិលត្រឡប់មកធ្វើជាប្រធានបក្សវិញដែរ៕