ជនជាតិកូរ៉េម្នាក់ ត្រូវជនសង្ស័យលួចដូរលុយជាង១ម៉ឺនដុល្លារ ដាក់លុយសែន នៅពេលចូលម៉ាស្សា 

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ បានថ្លែងអំណរគុណ ដល់កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាល១ខណ្ឌដូនពេញ ដែលបានជួយអន្តរាគមន៍ចាប់ជនល្មើស ហើយដកលុយកាក់របស់គាត់មកវិញ ក្រោយពីត្រូវគេលួចដូរលុយដុល្លារពិតជាង១ម៉ឺនដុល្លារដាក់លុយដុល្លារក្លែងក្លាយជំនួសវិញ ពេលជនរងគ្រោះជនជាតិកូរ៉េរូបនោះ ចូលម៉ាស្សា។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ៖ ការឃាត់ខ្លួនជនជនសង្ស័យករណីលួចលុយ នៅកន្លែងម៉ាស្សានេះ បានកើតឡើង កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះជួលលេខ៨Eo ផ្លូវ១១៨ ភូមិ២ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តថា៖ ជនសង្ស័យឈ្មោះសៅ រិទ្ធហៅវ៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សា។ ចំណែកជនរងគ្រោះ ឈ្មោះ Jeon gwangho ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅ Hotel River Star សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបន្តទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២០ និង៣០នាទី ជនរងគ្រោះ បានចូលទៅម៉ាស្សា ដែលមានទីតាំងផ្ទះលេខ៨Eo ផ្លូវ១១៨ ភូមិ២សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញរាជធានី ពេលដែលចូលដល់ កន្លែង គ្រែម៉ាស្សាជនរងគ្រោះ បានដោះសំលៀកបំពាក់ដាក់ពីលើក្បាលដំណេក និងដាក់កាបូបលុយនៅក្បែរនោះដែរ។ ពេលនោះជនសង្ស័យឈ្មោះ សៅ រិទ្ធ បានចូលទៅក្នុងបន្ទប់ ដែលជនរងគ្រោះកំពុងម៉ាស្សា ធ្វើសកម្មភាពយកលុយដុល្លារ ក្លែងក្លាយ(លុយសែន) ទៅប្តូរយកលុយដុល្លារ ពិតប្រាកដរបស់ជនរងគ្រោះចំនួន១៣ ២០០ ដុល្លារ (មួយម៉ឺនបីពាន់ពីររយដុល្លារគត់) រួចគេចខ្លួនបាត់តែម្តង។
ប្រភពព័ត៌មាន បានបន្តទៀតថា ក្រោយពីទទួលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញផ្នែកយុត្តិធម៌របស់អធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល១ ធ្វើការត្រួតពិនិត្យឃាត់ខ្លួនម្ចាស់ទីតាំងខាងលើ នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចលុយនេះមែន ហើយពេលសមត្ថកិច្ចឆែកឆេររកឃើញតែចំនួន ៧ ០០០ ដុល្លារ លុះព្រឹកឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានបន្តនាំជនសង្ស័យទៅយកវត្ថុតាងបន្ថែមទៀត ចំនួន១០០ដុល្លារដែលបានលាក់ទុកនៅកន្លែងក្រោមកំប៉ុងជើងធូបជំនាងផ្ទះ។
សមត្ថកិច្ចបញ្ជាក់ថា កម្លាំងជំនាញរបស់អធិការដ្ឋាននិងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីនៃច្បាប់៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print