ភ្នំពេញ៖ តារាស្តែងស្រីវ័យក្មេងកញ្ញា វ៉ាន់ វីតា កាន់តែមានសម្រស់ស្រស់សោភាចាប់ពីពេញវ័យមក។ នាងបានចាប់ដៃគូច្រៀង និងសម្តែងជាមួយតារាចម្រៀងវ័យក្មេងដូចគ្នា គឺលោក ឃីង សាន់ រហូតលេចចេញដំណឹងស្នេហ៍ក្រៅឆាក ហើយពួកគេក៏បានសារភាពថាពិតជាមានពន្លកស្នេហ៍ដុះឡើងពិតមែន។
អស់រយៈពេលជាង២ឆ្នាំហើយដែលតារាសម្តែងស្រីវ៉ាន់ វីតា និងតារាចម្រៀង ឃីង សាន់ បានស្គាល់គ្នា និងចាប់ផ្តើមចាប់ដៃគូសម្តែងរួមគ្នា។ ពួកគេបានបង្កើតភាពស្និទ្ធស្នាលដែលគេអាចមើលដឹងថាជាស្នេហាយុវវ័យដែលកំពុងឆាបឆេះ។ តារាស្រីវ័យក្មេងរូបនេះលើកឡើងថា ឃីង សាន់ ជាបុរសល្អមានចិត្តអំណត់ តស៊ូ យកចិត្តទុកដាក់នាង មានសីលធម៌ ចំពោះមនុស្សជុំវិញខ្លួន។ នាងថាកន្លងមកការស្រលាញ់រាប់អានគឺដូចបងប្អូនដែរ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែមើលឃើញទង្វើល្អរបស់ ឃីង សាន់ ថានៅវ័យក្មេងមែន ប៉ុន្តែមានអត្តចរិកបែបមនុស្សចាស់ទុំ។ នាងថាត្រឹមតែជាការស្វែងយល់ចិត្តគ្នាប៉ុណ្ណោះក្រោមការដឹងលឺពីចាស់ទុំ ហើយនាងក៏មិនរំលងប្រពៃណីនោះដែរ។ តារាស្រីចូលវ័យ១៦ឆ្នាំរូបនេះលើកឡើងថា នាងនៅក្មេងមិនបានគិតលើរឿងស្នេហាសំខាន់ទេ គឺការងារ និងការសិក្សាជាអ្វីដែលនាងផ្តោត ប៉ុន្តែការដែលមានមនុស្សល្អនៅជិតមើលថែកាន់តែធ្វើឲ្យនាងកក់ក្តៅ។ ឃីង សាន់វិញលើកឡើងថា លោកពេញចិត្ត វីតា ជាក្មេងល្អមានចិត្តអំណត់ រួសរាយ រាក់ទាក់ និងចេះផ្តល់តម្លៃមនុស្សជុំវិញខ្លួន ពិសេសក្រុមគ្រួសារនាងក៏សុទ្ធតែជាមនុស្សល្អស្រលាញ់រាប់អានលោកដូចជាបងប្អូនកូនក្មួយដែរ ហើយលោកគោរពស្រលាញ់ក្រុមគ្រួសារវីតា ដូចគ្រួសារខ្លួនឯងដែរ។ លោកថាសម្រាប់ថ្ងៃក្រោយយ៉ាងណាគឺត្រូវមើលនិស្ស័យ និងសំណាងទៅចុះ។ តារាប្រុសវ័យ២៣ឆ្នាំរូបនេះបញ្ជាក់ថាចាប់តាំងពីស្គាល់គ្នា និងចាប់ដៃគូសម្តែង និងច្រៀងមក ការងារសិល្បៈក៏កាន់តែរលូន មានទីផ្សារ និងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។ លោកក៏គ្រោងនឹងបញ្ចេញស្នាដៃរួមគ្នាបន្តទៀតដើម្បីបំពេញចិត្តអ្នកគាំទ្រ។
គួរបញ្ជាក់ដែរថា វ៉ាន់ វីតា និង ឃីង សាន់គឺជាតារាចម្រៀងរួមដំបូលផលិតកម្មហ្គោល ដែលពួកគេធ្លាប់ទទួលបានការគាំទ្រខ្លាំងក្រោយពីសម្តែងរួមគ្នានូវបទចម្រៀងមួយចំនួន។ ពិសេសពួកគេទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជនក្រោយពីការចេញបទចម្រៀងបែបសាច់រឿងនិងច្រៀងឆ្លើយឆ្លងគ្នានូវបទចម្រៀង៣បទបែបស្នេហាត្រីកោណមានបទ”បងប្តីគេទេ” បទ” កុំស្រលាញ់ប្តីខ្ញុំ” និងបទ”ស្រលាញ់ប្តីគេស្គាល់ទឹកភ្នែក” ដែលជាសំនៀងរបស់កញ្ញា ពៅ ពិសីនោះ៕
ដោយ វឌ្ឍនា