ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា សន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន ហើយសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុត ក្នុងការការកសាង និងការអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ។
ការថ្លែងបញ្ជាក់បែបនេះរបស់នាយឧត្ដមសេនីយ៍ បានធ្វើឡើងខណៈអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយយុទ្ធនារីអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាពមានការលើកកំពស់សមភាពយេនឌ័រ» នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ។
នាយឧត្តមសេនីយ៍ បានធ្វើការបកស្រាយយ៉ាងដូច្នេះថា «មានសន្តិភាព ទើបមានអ្វីៗទាំងអស់ ហើយពិភពលោកក៏ចង់បានសន្តិភាពយ៉ាងដូច្នេះដែរ។ សម្រាប់កម្ពុជាមានភ័ព្វសំណាង ដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្រ្គាម ហើយបានធ្វើការបង្រួបបង្រួមឯកភាពទឹកដី នាំមកនូវសន្តិភាពពេញលេញ នាឆ្នាំ១៩៩៨»។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការអបអរសាទរ ចំពោះប្រធានបទឆ្នាំនេះដែលផ្តោតជាសំខាន់លើអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ ពិសេសការរំលេចពីតម្លៃសន្តិភាព ដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសសុទ្ធតែបានយល់ច្បាស់ថា សន្តិភាពមិនមែនកើតឡើងដោយងាយស្រួលនោះទេ តែកើតឡើងដោយការលះបង់ទាំងកម្លាំងកាយចិត្ត អាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ដូច្នេះទាំងអស់គ្នាត្រូវដឹងគុណអ្នកស្ថាបនិកនយោបាយឈ្នះឈ្នះ ហើយត្រូវរួមគ្នាការពារសន្តិភាពដែលកំពុងកើត មានអស់រយៈកាលជាង២០ឆ្នាំមកនេះ ឲ្យស្ថិតស្ថេរគង់វង្ស។
នៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនារីនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងកិច្ចការសង្គម ជាពិសេសការបំពេញតួនាទីប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ។
នាយឧត្ដមសេនីយ៍ បញ្ជាក់ថា ការរៀបចំទិវាអន្តរជាតិនារីជារៀងរាល់ឆ្នាំនេះឡើង ម្យ៉ាងគឺដើម្បីរំលឹកវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិសេរីភាព និងការអនុវត្តសិទ្ធស្មើភាពរវាងបុរស និងស្រ្តី និងម្យ៉ាងទៀតក៏ដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់តម្លៃស្រ្តីកម្ពុជា តាមរយៈការផ្តល់ឋានៈ តួនាទី ក៏ដូចជាការគិតគូរពីជីវភាព និងការបង្កើនប្រាក់ចំណូលឲ្យកាន់តែមានកម្រិតខ្ពស់៕
ដោយ៖ សហការី