នៅវ័យក្មេងមែន តែ អាង សុជាតា ទទួលបានតំណែងតួឯកស្រីក្នុងភាពយន្តជាច្រើនបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង កញ្ញា អាង សុជាតា ទទួលបានដំណែងតួឯកក្នុងភាពយន្តជាច្រើនបន្តបន្ទាប់គ្នា។ នាងត្រូវបានគេរំពឹងថានឹងគ្រងតំណែងជាតារាស្រីលេចធ្លោរម្នាក់ក្នុងចង្កោមអ្នកសិល្បៈនៅថ្ងៃអនាគត។
​កូនស្រីតារាសម្តែង សឿន ផានផាភួង គឺកញ្ញា អាង សុជាតា ដែលទើបមានវ័យ១៥ឆ្នាំ អាចដណ្តើមបានទីផ្សារសិល្បៈខ្ពស់ក្នុងរយ
ៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រូបសម្រស់ និងសមត្ថភាពទេពកោសល្យសម្តែង របស់តារាស្រីនេះបានទាក់ចិត្តផលិតករ និងទស្សនិកជនមិនតិចទេ។ ក្នុងជំនួបផ្ទាល់មួយកាលពីថ្មីៗនេះ នាងលើកឡើងថា កំពុងមមាញឹកនឹងការសម្តែងជាច្រើនបន្តបន្ទាប់ក្នុងនោះមានទាំងការសម្តែងក្នុងបទចម្រៀង ភាពយន្តអប់រំខ្លី និងភាពយន្តខ្នាតធំផងដែរ។ តារាចម្រៀងស្រីប្រចាំផលិតកម្ម ហ្គោលរូបនេះលើកឡើងថា នាងត្រៀមបញ្ចេញបទចម្រៀងសម្រាប់អ្នកគាំទ្របន្ទាប់ពីបទបែបហ៊ីបហបគឺបទ”រាំចង្វាក់អេនអន” របស់នាងហាក់លេចការគាំទ្រខ្លាំង។ នាងលើកឡើងដែរថា សម្រាប់ការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មគឺមានច្រើនបន្តបន្ទាប់ ខណៈភាពយន្តខ្នាតធំ និងភាពយន្តភាគកំពុងសម្រុកចេញថត។ តារាស្រីរូបនេះទទួលស្គាល់ថានាងទើបនឹងប៉ះដៃគូសម្តែងថ្មីជាមួយតារាចម្រៀង ថៃ អតិជាតិបុត្រ ក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្មមួយ ប៉ុន្តែនាងស្នើមិនបញ្ជាក់ចំណងជើង និងរយៈពេលនៃការថត។ ទោះជាយ៉ាងណាភាពយន្តខ្លីរឿង”ពោះធំ”ដែលធ្លាប់ទទួលបានការគាំទ្រច្រើននោះ បានផលិតជាភាពយន្តខ្នាតធំហើយ ហើយគ្រោងចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ។ នាងថានៅមានភាពយន្តភាគមួយផ្សេងទៀតដែលបាននឹងកំពុងដំណើរការថត។ តារាស្រីរូបនេះលើកឡើងដែរថា នាងពិតជាបារម្ភខ្លះៗដែរជុំវិញការសិក្សា ព្រោះតែនាងត្រូវចំណាយពេលមួយចំនួនដើម្បីថតភាពយន្ត ។ ទោះជាយ៉ាងណាតារាស្រីរូបនេះថានឹងព្យាយាម និងមិនបោះបង់ការសិក្សាចោលនោះទេ។
​សម្រាប់គម្រោងថ្ងៃអនាគត តារាស្រីរូបនេះនៅមិនទាន់ប្រាកដនៅឡើយទេថានឹងចាប់យកជំនាញ ឬមុខរបរអ្វីបន្ថែមពីលើការងារសិល្បៈព្រោះតែពេលនេះនាងចង់ចាប់យកការសម្តែង និងចម្រៀងឲ្យបានកាន់តែប្រសើរជាងនេះសិន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print