ព្រឹត្តិការណ៍សង្រ្កាន្តសមុទ្រ ក្នុងឱកាសរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យបង្កើតនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញឱ្យបង្កើតព្រឹត្តិការណ៍សង្រ្កាន្តសមុទ្រ រៀបចំកម្មវិធីកំសាន្តសប្បាយផ្សេងៗ នៅខេត្តព្រះសីហនុ ក្នុងឱកាសរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីឱ្យប្រជាជនបានចូលរួមសប្បាយរីករាយសាទរឆ្នាំថ្មីប្រពៃណីជាតិ និងជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តព្រះសីហនុ ឱ្យបានច្រើនផងដែរ។

  ក្នុងនោះលោករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយទទួលខុសត្រូវ សម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណា្តប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

  លោករដ្ឋមន្ត្រី ប្រធានក្រុមការងារ បានមានប្រសាសន៍ថា «សន្និបាតនេះ គឺជាឱកាសវិសេសវិសាលអនុញ្ញាតឱ្យយើងរួមគ្នាធ្វើការពិនិត្យវាយតម្លៃពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ សម្រេចបានក្នុងឆ្នាំ ២០១៩ កន្លងមក និងបញ្ហាប្រឈមដែលសេសសល់ ក៏ដូចជាកាលានុវត្តភាពនានា ដើម្បីដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០២០ ដែលជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល»

លោកប្រធានក្រុមការងារបានលើកឡើងបន្តទៀតថា «ដោយឡែក នៅមូលដ្ឋានខេត្តព្រះសីហនុ យើងបានខិតខំរួមគ្នាដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរគួរជាទីមោទនៈ ក្នុងនោះបានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងយល់ពីតម្រូវការ និងដោះស្រាយសំណូមពរបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ទៅតាមលទ្ធភាពនិងលំដាប់អាទិភាព ដូចជាបញ្ហាសំរាមលូទឹកកខ្វក់ ទឹកស្អាត អគ្គិសនី ទំនាស់ដីធ្លី បញ្ហាសន្តិសុខ និងបានកាយប្រឡាយរំដោះទឹកជំនន់ ជាដើម»

លោកប្រធានក្រុមការងារបានមានប្រសាសន៍បន្តទៀតថា៖ «ខេត្តព្រះសីហនុយើងនេះពិតជាមានភព្វសំណាងក្រៃលែង ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាពិសេស ដោយបានសម្រេចដកប្រាក់សន្សំជាតិ ដើម្បីធ្វើការស្ថាបនាផ្លូវក្រុងចំនួន ៣៤ ខ្សែ ដែលជាគម្រោងស្ថាបនាផ្លូវទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងជាការវិនិយោគដ៏ត្រឹមត្រូវសម្រាប់អនាគតខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ក្នុងចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»

ជាមួយគ្នានេះ លោក សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរដ្ឋបាលខេត្ត និងក្រុមការងារសម្រេចបាន និងសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមការងារ បន្តពង្រីកការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀត ក្នុងការអនុវត្តឲ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២០ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថា នៅក្នុងពិបិទសន្និបាតរបស់រដ្ឋបាលខេត្តព្រះសីហនុ លោក សាយ សំអាល់ បានចែកជូនលិខិតសរសើរ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមការងារ ដែលអនុវត្តឲ្យបានសម្រេចនូវទិសដៅការងារបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ទន្ទឹមនេះ លោក សាយ សំអាល់ ក៏បានលើកពីបញ្ហា COVID-19 ដែលបង្កផលប៉ះពាល់ដល់កម្ពុជាលើវិស័យផ្សេងៗ និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនរបស់កម្ពុជា «EBA» ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ។

បន្ទាប់មក លោកប្រធានក្រុមការងារបានធ្វើការណែនាំ នូវកិច្ចការសំខាន់ៗ ដែលត្រូវខិតខំរួមគ្នាសម្រេចឲ្យបានមាន៖ ១៖ ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ២៖ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ៣៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទេសចរណ៍ ៤៖ ការអភិវឌ្ឍទីក្រុង ៥៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ . ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបណ្តាប្រឈមនៅមូលដ្ឋាន៧៖ ការពង្រឹងរបៀបរបបការងារ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print