ខេត្តក្រចេះ៖ មេព្រៃសង្កាត់ថ្មរគ្រែ ដែលមានតួរនាទីជានាយរងសង្កាត់បានបើករថយន្តរបស់ខ្លួន ម៉ាកវីហ្គោរ បុកក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ កាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នៅចំណុចស្រែឈ្លីកស្ថិតក្នុងភូមិត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយមានរថយន្តវីហ្គោ ពណ៌ទឹកប្រាក់មួយគ្រឿងបើកដោយមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ឈ្មោះ រិទ្ឋ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានបុក កុមារា ឈ្មោះ ខ្វែង ភារា អាយុ៦ឆ្នាំ ទីលំនៅកន្លែងកើតហេតុ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ប្រភពបន្តថា បន្ទាប់ពីបង្កហេតុអ្នកបើករថយន្តបង្កដែលគេដឹងថាជាមន្ត្រីរដ្ឋបាលព្រៃឈើខាងលើក៍បានព្យយាមបើករថយន្តរត់គេច ចូលទៅតាមផ្លូវលំមួយខ្សែឆ្ពោះទៅក្នុងក្រុមហ៊ុនតុងមិន តែទំនងខ្លាចប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមទាន់ ក៍បើកទៅផ្លុងចោលនៅព្រៃចេក ប្រមាណជា១គីឡូរពីភូមិរួចរត់គេចខ្លួនបាត់ ។
ក្រោយពីកើតហេតុប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចាត់កម្លាំងតាមស្រាវជ្រាវរករថយន្តបង្ក ក៍បានប្រទះឃើញបន្ទាប់ពីមន្ត្រីរូបនោះយកទៅផ្លុងចោល រីឯសាកសពក្មេងសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
...
ដោយ៖ សហការី