ភ្នំពេញ៖ បុរសម្នាក់ត្រូវម្ចាស់ម៉ូតូឃាត់ខ្លួនយកទៅប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់ បន្ទាប់ខ្ចីម៉ូតូរបស់គាត់យកទៅទិញសាច់ក្លែមមួយភ្លែតតែបែរជាយកទៅបញ្ចាំបានលុយ700ដុល្លារដើរស៊ីចាយអស់ គេចខ្លួនបាត់១២ថ្ងៃ ។
ការឃាត់ខ្លួនបុរសខាងលើដោយម្ចាស់ម៉ូតូនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៥ និង១០នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះនៅតាមផ្លូវសម្តេចសុធារស ចំណុចផ្ទះសំណាក់៨៧Fយីហោ(ថៃនួន) ក្រុម៣៨ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទួលសង្កែភ្លាមៗ ។
ម៉ូតូដែលជនសង្ស័យខ្ចីយកទៅបញ្ចាំនោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ2015ពាក់ស្លាកលេខភ្នំពេញ1FF-3984 ជាកម្មសិទ្ធិរបស់ដើមបណ្តឹង ឈ្មោះ ប៉ាច សារ៉ាត់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៤៦២ ផ្លូវព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ រីឯជនសង្ស័យមានឈ្មោះសំរិត មេសា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះលេខ55 ផ្លូវសុធារស ក្រុមទី៩ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះបានឲ្យដឹងកន្លងមករូបគាត់បាន ស្គាល់គ្នាជាមួយជនសង្ស័យរយៈពេលមួយឆ្នាំមកហើយដោយរាប់អានគ្នាជាមិត្តភក្តិ ។ លុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៥រូបគាត់បានឌុបជនសង្ស័យរូបនេះទៅម្ដុំផ្លូវរថភ្លើងភូមិ-សង្កាតទួលសង្កែ ខណ្ឌឫស្សីកែវ រួចហើយបានជួបជុំមិត្តភក្តិ២-៣នាក់បបួលគ្នាផឹកស៊ី។ ពេលនោះជនសង្ស័យរូបនេះបានខ្ចីម៉ូតូគាត់ដោយប្រាប់ថា ទៅទិញសាច់ក្លែមមួយភ្លែត ប៉ុន្តែពេលបានម៉ូតូជិះទៅបាត់រហូត ព្រមទាំងបិទទូរស័ព្ទទំនាក់ទំនងគ្នាមិនបានទៀតផង ។
ជនរងគ្រោះបានឲ្យដឹងទៀតថាលុះមកដល់ព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០១៦នេះគាត់បាន ឃើញជនសង្ស័យនៅឈរមុខផ្ទះសំណាក់(ថៃនួន) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៍ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ទួលសង្កែតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានឆរបោកយកម៉ូតូរបស់ជនរងគ្រោះ ទៅដាក់បញ្ចាំបានលុយចំនួន៧០០ដុល្លារអាមេរិក ដើរស៊ីចាយអស់ហើយ ។
បច្ចុប្បន្នជនជាប់ចោទរូបនេះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទួលសង្កែកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត ៕
ដោយ៖ អារុណរះ