ខេត្តកណ្តាល៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ម្នាក់ទៀតរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ បន្ទាប់ពីជនរងគ្រោះទាំង២នាក់នេះជិះម៉ូតូប៉ះដៃចង្កូតគ្នាដួលទៅលើផ្លូវលេខ២១A កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខផ្ទះលក់ភេសជ្ជះយីហោ“លក្ខិណា” ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ភាគីរងរបួសធ្ងន់ឈ្មោះ សែ អន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិគោលសាលែង ឃុំត្រពាំងខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម1E-8096 ។ ចំណែកឯភាគីរងរបួសស្រាលពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខឃ.9197-កណ1 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញភាគីដែលរងរបួសធ្ងន់ជិះម៉ូតូតាមបណ្តោយផ្លូវលេខ២១A ក្នុងទិសដៅពីត្បូងទៅជើង ខណៈជិះដល់ចំណុចកើតហេតុបានបន្ថែមល្បឿនជែងភាគីដែលរងរបួសស្រាលកំពុងជិះម៉ូតូស្របទិសគ្នា ។ ពេលជែងទទឹមគ្នាម៉ូតូទាំង២គ្រឿងបានប៉ះដៃចង្កូត បណ្តាលឲ្យដួលបោកទៅលើផ្លូវធ្វើឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ស្រាលតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងភាគីម្ខាង ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែកភាគីម្ខាងទៀតរងរបួសស្រាលត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯង។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កដោយភាគីរងរបួសធ្ងន់ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបណ្តាលឲ្យប៉ះដៃចង្កូតគ្នាដួលយ៉ាងដូច្នេះ ៕
ដោយ៖ ស្អាងជ័យ