ខេត្តកណ្តាល៖ មុខសញ្ញារក្សាទុកសារធាតុញៀន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួន ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួនមួយកញ្ចប់ធំ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះធ្វើឡើង កាលពីវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចរោងចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលត្រូវបានឃាត់ខ្លួននោះ ទី១-ឈ្មោះ ម៉ាក កៃភូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ ឌុល ស៊ីថេត ហៅយួន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី៣-ឈ្មោះ ហេង សុងលី ហៅព្រលឹង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យទាំង៣នាក់នេះមានទីលំនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា ក្រុមជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានដែលកម្លាំងនគរបាលបានកំណត់ និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចស៊ើបអង្កេតដឹងថា ក្រុមជនសង្ស័យកំពុងសំងំប្រើប្រាស់គ្រឿងញៀននៅក្នុងរោងចិញ្ចឹមជ្រូកខាងក្រោយផ្ទះ ក៏ឆ្មក់ចូលទៅបង្ក្រាបឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ខាងលើនេះរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ