ភ្នំពេញ៖ ក្នុងការងារជួយសង្គម កើតចេញពីឆន្ទៈខ្មែរជួយខ្មែរ អភិបាលរងខេត្តត្បូងឃ្មុំ
លោក ហាក់ សុខមករានិងភរិយា, លោក សម វង និងភរិយា ព្រមទាំងក្រុមគ្រួសារ បាននាំយកថវិកាចំនួន៥,០០០ដុល្លារអាមេរិក ដែលបានមកពីបុណ្យគម្រប់ខួប៣ឆ្នាំ របស់ឧបាសិការ អ៉ឹង យុកខាន់ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ដើម្បីជួយដល់កុមារកម្ពុជា ដែលក្រីក្រលំបាកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ នេះបង្ហាញពីការគាំទ្រដោយជនរួមជាតិ ចំពោះសន្តានចិត្តលោកអភិបាលរងខេត្ត និងក្រុមគ្រួសារ។
ករណីនេះ ខាងមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់លោក ហាក់ សុខមករា និងស្វាគមន៍រាល់ការបរិច្ចាគទាំងអស់ ទៅតាមលទ្ធភាព និងសូមបន្តលើកទឹកចិត្តដល់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ឲ្យចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែជួយខ្មែរ» ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
សូមបញ្ជាក់ផងដែរផងដែរថា៖ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងនាខែមេសា ឆ្នាំ២០១៨ ដោយមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស ហើយទឹកប្រាក់ដែលមូលនិធិទទួលបានទាំងអស់ ត្រូវទុកសម្រាប់ទ្រទ្រង់នូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា៕
ដោយ៖ សហការី