អាជ្ញាធខណ្ឌចំការមន ប្រមូលសំរាមក្នុងប្រឡាយបឹងត្របែក មុនរដូវវស្សាចូលមកដល់ ជាមួយនឹងការសំណូមពរអោយពលរដ្ឋចូលរួមសហការ

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមនអំពាវនាវអោយប្រជាពលរដ្ឋចូលរួមក្នុងវេចខ្ចប់និងទុកដាក់ កាកសំណល់សំរាមអោយបានត្រឹមត្រូវ ជៀសវាងបោះចោលផ្តេសផ្តាស ជាហេតុនាំអោយហូរ ចូលប្រឡាយលូ នាំអោយមានការកកស្ទះសំរាមមិនអាចហូរបានជាពិសេសរដូវវស្សាកំពុងតែឈានចូលមកដល់។
ការអំពាវនាវនេះធ្វើឡើងខណៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន ចុះពិនិត្យនឹងដឹកនាំកម្លាំងដើម្បីធ្វើការស្តារប្រឡាយលូបឹងត្របែក ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន នារសៀលថ្ងៃទី១០ មីនា នេះ។
លោកថេង សុថុល ក្នុងដំណើរចុះពិនិត្យនិងស្តាប្រឡាយលូខាងលើបានមានប្រសាសន៍ បន្ថែមអោយដឹងថា៖ កន្លងមកក្នុងនាមជាអាជ្ញាធខណ្ឌតែងតែបានអប់រំនិងណែនាំអោយប្រជាពលរដ្ឋ យកចិត្តទុកដាក់ក្នុងការទុកដាក់និងវេចខ្ចប់សំរាមអោយបានត្រឹមត្រូវ ដោយត្រូវគិតគូពីបញ្ហាបរិស្ថាននិងអនាម័យក្នុងការរស់នៅ តែនៅមានប្រជាពលរដ្ឋមួយចំនួនតូចដែលមិនសូវ មានការយល់ដឹងតែងតែចោលសំរាមផ្តេសផ្តាស នៅតាមប្រឡាយលូបឹងត្របែកនេះ ដែលជាហេតុមិនអាចអោយទឹកលូរហូទៅកាន់ស្ថានីយ៍បូមទឹកបាន ។ លោកបន្ថែមថាការងារនេះ ទាល់តែមានការចូលរួមពីប្រជាពលរដ្ឋផងដែរ អាជ្ញាធតែម្នាក់ឯងមិនអាចសំរេចទៅបានទេ។
លោកអភិបាលខណ្ឌចំការមនក្នុងឱកាសនោះ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋដែល រស់នៅតាមប្រឡាយបឹងត្របែកត្រូវគិតគូរពីបញ្ហាអនាម័យក្នុងការរស់នៅ ដោយធ្វើការទុកដាក់សំរាមអោយបានត្រឹមត្រូវកុំបោះចោលក្នុងប្រឡាយលូជាហេតុនាំអោយមានការកកស្ទះ សំរាម ជាពិសេសអាចធ្វើអោយប៉ះពាល់ដល់សុខភាពក្រុមគ្រួសារខ្លូនឯង កុមារនិងក្មេងតូចៗដែលងាយនិងប៉ះពាល់ដល់សុខភាព។
បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានអោយដឹងថា៖ ក្នុងមួយថ្ងៃអាជ្ញាធខណ្ឌចំការមនធ្វើការដឹកជញ្ជូនសំរាមបានចំនួន១៨ឡាន ដែលក្នុងមួយឡានមានទម្ងន់ប្រហែល៥តោនចេញពីប្រឡាយលូខាងលើយកទៅចាក់នៅទីលានចាក់សំរាម ដែលការងារនេះបានអនុវត្តតាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះរហូតដល់អស់សំរាមពីក្នុងប្រឡាយលូ។ ការប្រមូលសំរាមនេះធ្វើឡើងដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនារដូវវស្សាដែលនឹងឈានមកដល់ពេលឆាប់ៗខាងមុខនេះ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print