ទីក្រុងបាងកក៖ ថៃបានចាត់វិធានការតឹងតែងបំផុតក្នុងការត្រួតពិនិត្យពលរដ្ឋមកពីប្រទេសកូរ៉េខាងត្បូង ដោយត្រូវឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ កន្លងមក មានពលរដ្ឋប្រមាណ៨០នាក់មកពីកូរ៉េខាងត្បូង ប៉ុន្តែបានគេចចេញពីការត្រួតពិនិត្យ រកវីរុសផ្លូវដង្ហើម ក្នុងអាកាសយានដ្ឋាន សុវណ្ណភូមិ។ ក្រសួងសុខាភិបាលថៃបានព្រមានថាក្នុងរយៈពេល៣ថ្ងៃ បើអ្នកទាំងនោះមិនមកត្រួតពិនិត្យនិងគោរពទៅតាមគោលការណ៍កាត់ផ្តាច់១៤ថ្ងៃនោះ នឹងរងការពិន័យយ៉ាងធ្ងន់។ ថៃនឹងចោទប្រកាន់ពីបទចម្លងមេរោគ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ លោក សាធីត ពីទូតេចា (Sathit Pitutecha) បានបញ្ជាក់ថា៖ អត្តសញ្ញាណអ្នកទាំងនោះបានស្គាល់ហើយ នឹងរកឃើញក្នុងពេលខាងមុខ បើមិនបង្ហាញខ្លួនទេនោះ។ លោកបន្តទៀតថា៖ ក្នុងករណីក្រុមសន្តិសុខរកឃើញ នឹងត្រូវជាប់គុកយ៉ាងតិច១ឆ្នាំ ហើយបង់ផាកពិន័យ ដល់ទៅ២សែនបាត ប្រមាណ៦៣០០ដុល្លារ។
ពលករថៃ ឬពលរដ្ឋដែលមានប្រវត្តិ មកពីតំបន់ Daegu កូរ៉េខាងត្បូង និងត្រូវកាត់ផ្តាច់រយៈពេល១៤ថ្ងៃនៅក្នុង ទីតាំងទាហានជើងទឹកក្នុងខេត្ត ចន បុរី៕
ដោយ៖ មែវ សាធី