ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីអតីតតារាចម្រៀង ទិត្យ វិច្ឆិកា ត្រូវបានម្ចាស់យានដ្ឋានមួយកន្លែងប្រកាសឲ្យចូលខ្លួនដើម្បីដោះស្រាយបំណុលថ្លៃជួសជុលរថយន្ត ដែលមិនទាន់បានសង។ឆ្លើយតបទៅនឹងសារដែលមានអ្នកចែករំលែកជាច្រើន និងផ្សព្វផ្សាយពេញបណ្តាញសារព័ត៌មាននោះអតីតតារាចម្រៀងប្រចាំផលិតកម្មរ៉ុក រូបនេះបានលើកឡើងថាដោយសារបាត់ការទំនាក់ទំនងតែប៉ុណ្ណោះ។
លោកទិត្យ វិច្ឆកា ទទួសស្គាល់ថាលោកពិតជាបានជំពាក់ថ្លៃជួសជុលឡាននោះពិតមែន។ លោករៀបរាប់តាមការផ្សាយផ្ទាល់លើគណនីយហ្វេសប៊ុកផ្ទាល់ថាគ្រានោះលោកបានចូលរួមការងារសង្គម ហើយរថយន្តលោកខូចក៏បានយកទៅធ្វើនៅទីនោះមែន ហើយពេលខ្លះមានក៏បង់ឲ្យ ហើយពេលខ្លះអត់លុយក៏ខកខាន ។ លោកថា កន្លងមកលោកក៏ធ្លាប់ទទួលទូរស័ព្ទពីម្ចាស់យានដ្ឋានដែរមិនបានគេចវេសទេ ហើយក្រោយមកលោកក៏នៅតែបន្តយករថយន្តទៅធ្វើនៅទីនោះដដែលព្រោះជាអ្នកស្គាល់គ្នា ប៉ុន្តែយានដ្ឋាននោះបានផ្លាស់ប្តូរទីតាំង ទើបបាត់ការទំនាក់ទំនង ហើយលោកក៏បាត់លេខទូរស័ព្ទរបស់ម្ចាស់យានដ្ឋាននោះ ហើយក៏មិនបានឃើញម្ចាស់យានដ្ឋានទាក់ទងមកទៀតទើបបាត់បង់ការទំនាក់ទំនង។ លោកថាម្ចាស់យានដ្ឋានគួរតែទំនាក់ទំនងមកកាន់លោកមុនពេលការផ្សាយជាសាធារណៈ ហើយដែលមិនគួរយកបណ្តាញសង្គមមកផ្សព្វផ្សាយនោះដែរ ដែលលោកពិតជាមានការសោកស្តាយ។ លោកបន្តថា នៅរសៀលថ្ងៃទី១០ខែមីនា គឺថ្ងៃដដែលដែលម្ចាស់យានដ្ឋានបានបង្ហោះសារនោះ លោកបានទំនាក់ទំនងទៅកាន់យានដ្ឋាននោះរួចរាល់ហើយដែរ និងបានដោះស្រាយ។ លោកថាតាមការចចារលោកស្នើឲ្យធ្វើការសងប្រាក់ដែលជំពាក់នោះ៣០០ដុល្លារអាមេរិកក្នុងមួយខែទៅតាមលទ្ធភាព ប៉ុន្តែម្ចាស់យានដ្ឋានមិនព្រម។
អតីតតារាចម្រៀងរូបនេះបញ្ជាក់ថាដោយសារមួយរយៈចុងក្រោយនេះមុខរបរលោកក្ស័យធន ដូចនេះលោកស្នើឲ្យម្ចាស់បំណុលទាំងអស់យោគយល់អធ្យាស្រ័យ ហើយស្នើឲ្យមានការយោគយល់ដោយលោកសន្យាថានឹងសងឲ្យគ្រប់ចំនួន។ លោកទទួលស្គាល់នូវកំហុសក្នុងការយឺតយ៉ាវ ប៉ុន្តែលោកថានៅតែមានឆន្ទៈក្នុងការសងមិនគេចវេសនោះឡើយ ហើយលោកនឹងព្យាយាមប្រឹងប្រែងលើកការងាររកស៊ីដើម្បីសងលុយត្រឡប់ទៅវិញ។ លោកថាកន្លងមកលោកក៏បានខ្ចីលុយពីអ្នករាប់អានគ្នាមួយចំនួនទៀតដើម្បីរកស៊ីលើមុខជំនួញខ្សាច់ ប៉ុន្តែត្រូវបានខាតបង់ហើយលោកក៏ស្នើឲ្យម្ចាស់បំណុលបន្តយោគយល់ ហើយលោកស្នើកុំឲ្យយកឈ្មោះស្ថាប័នរដ្ឋមកពាក់ព័ន្ធ។
ទោះជាយ៉ាងណារឿងរ៉ាវដែលកើតមាននេះត្រូវបានបញ្ចប់ឬយ៉ាងណានៅឡើយខណៈសារដែលយានដ្ឋាននេះបានបង្ហោះកាលពីព្រឹកថ្ងៃទី១០ ខែមីនានោះមិនទាន់ត្រូវបានលុបចេញពីគនីយនៅឡើយ។
គួរបញ្ជាក់ដែរថា មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីអតីតតារាចម្រៀង ទិត្យ វិច្ឆិកា ត្រូវបានម្ចាស់យានដ្ឋានមួយកន្លែងប្រកាសឲ្យចូលខ្លួនដើម្បីដោះស្រាយបំណុលថ្លៃជួសជុលរថយន្ត ដែលមិនទាន់បានសង។ យោងតាមការប្រកាសរបស់ម្ចាស់យានដ្ឋានជួសជុលរថយន្ត
CAM Auto Repair យានដ្ឋាន ខេម បានបង្ហោះនៅលើគណនីយហ្វេសប៊ុករបស់ខ្លួនថា សូម លោកទិត្យវិច្ឆិកា ជំពាក់លុយធ្វើឡានលើកទី១ចំនួន៨២០ដុល្លារអាមេរិកកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៦ លើកទី២ ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៦ ចំនួន ២០៦ដុល្លារអាមេរិក និងលើកទី៣កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៦ចំនួនទឹកប្រាក់ ១២០ដុល្លារអាមេរិក សរុបចំនួន១១៤៦ដុល្លារអាមេរិក។ ប្រភពថាទឹកប្រាក់នេះគឺជាថ្លៃជួសជុលរថយន្តដែលជំពាក់ ហើយតារាចម្រៀងរូបនេះបានសន្យាច្រើនដង មិនព្រមសងរហូត ដល់ពេលនេះ៕