ខេត្តឧត្តរមានជ័យៈ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងរឹបអូសបានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន ២២គ្រាប់ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ហើយក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលបានបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃ។
លោកវរសេនីយ៍ត្រី ងួន ទ្ធីរឹទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា កម្លាំងអាវុធហត្ថស្រុកអន្លង់វែង បានប្រតិបត្តិការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មមួយកន្លែង ដែលស្ថិតនៅចំណុចភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ២រសៀល ថ្ងៃទី៩ ខែមករា។ ដោយធ្វើការរឹបអូសបានថ្នាំញៀនប្រភេទ យ៉ាម៉ា ចំនួន ២២គ្រាប់ និងថ្នាំប្រភេទម៉ាទឹកកកចំនួន ២កញ្ចប់តូច ព្រមទាំងធ្វើឃាត់ខ្លួនបានជនសង្ស័យបាន ២នាក់។ ដែលទី១ ឈ្មោះ ឡៅ ស្រស់ ភេទប្រុសអាយុ ២៧ឆ្នាំ និងទី២.ឈ្មោះ ឡាយ ឈុន ភេទប្រុសអាយុ ២២ឆ្នាំ ដែលមានមុខរបបធ្វើជាងសប្បិកម្ម។ ហើយក្នុងនោះក៏មានបក្សពួកមួយចំនួនទៀត បានរត់គេចខ្លួន។ ហើយកម្លាំងអាវុធហត្ថក៏កំពុងតែស្រាវជ្រាវតាមឃាត់ខ្លួន ជាបន្តទៀត។
លោកបន្តថា ករណីមួយទៀត គឺនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះដែរ ដោយជនសង្ស័យម្នាក់ បានដកបំផ្លាញចេក នៅចំការរបស់ប្រជាពលរដ្ឋអស់ចំនួន ១៤៧ដើម ដែលស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត អន្លង់វែង ខេត្តឧត្តរមានជ័យ។ ដោយជនសង្ស័យបង្កឈ្មោះ ហ៊ឺ សំបូរ ភេទប្រុសអាយុ ៥១ឆ្នាំមានមុខរបរធ្វើស្រែ មានទីលំនៅភូមិអូរតាម៉េង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជនសង្ស័យខាងលើ បានបំភ្លេចបំផ្លាញដំណាំចេករបស់ម្នាស់ចំការឈ្មោះ គិន កាន់ណារិទ្ធ រស់នៅក្នុងភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង។ ហើយជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនបានទៅដកដំណាំចេកគេ ពិតប្រាកដមែន តែពុំមានអ្នកណាបញ្ជាខ្លួននោះទេ។ ដោយនិយាយថា នៅដីដែលខ្លួនដកនោះ គឺជាដីរបស់ខ្លួន។
ដោយឡែកម្ចាស់ចំការឈ្មោះ គិន កាន់ណារិទ្ធ បានឱ្យដឹងថា ដីនៅចំណុចខាងលើ គឺជាដីរបស់គាត់ស្របច្បាប់ដែលមានឯកសារត្រឹមត្រូវ ព្រមទាំងមានប្រជាពលរដ្ឋបានដឹងលឺជាសាក្សីទៀតផង។
លោកវរសេនីយ៍ត្រី ងួន ទ្ធីរឹទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានបញ្ជាក់ថា ជនសង្ស័យទាំង ៣លោកកំពុងតែកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តឧត្តរមានជ័យ។ ដោយឡែកបក្សពួកដែលពាក់ព័ន្ធនឹងករណីថ្នាំញៀនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជាបន្តទៀត។ ប៉ែន នួន