ប្រទេសវៀតណាម៖ នៅយប់ថ្ងៃទី១៥ខែមីនានេះ វៀតណាមបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ម្នាក់ទៀតហើយគឺជាជនជាតិឡាត់វៀ។ លទ្ធផលធ្វើតេស្តនៅវិទ្យាស្ថាន ប៉ាស្ទើរ ទីក្រុងហូជីមិញ បង្ហាញឲ្យឃើញថាជនបរទេសកើតនៅឆ្នាំ១៩៨៧ គឺពិតជាផ្ទុកវីរុសកូវីដ-១៩។
អ្នកឆ្លងកូវីដ ទី៥៤នៅវៀតណាម គឺជា អ្នកទេសចរ ធ្លាប់ទៅកម្សាន្តនៅកោះ ភូវឹក (កោះត្រល់) ។ ជនបរទេសរូបនេះបានមកដល់ទីក្រុងហូជីមិញ នៅថ្ងៃទី ៨ខែមីនាឆ្នាំ២០២០។
នៅពេលនេះដែរ ទីក្រុងហូជីមិញចាប់ផ្តើមបិទក្លឹប រង្គសាល ការ៉ាអូខេ កន្លែងម៉ាស្សា រោងភាពយន្ត ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ។ ច្បាប់ចាប់ផ្តើម អនុវត្តពីម៉ោង០៦ យប់ថ្ងៃអាទិត្យនេះតទៅ ដើម្បីទប់ស្កាត់ការរាលដាល នៃ COVID-19។
បញ្ជាឲ្យបិទកន្លែងកម្សាន្តខាងលើ ត្រូវបានចុះហត្ថលេខាដោយលោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ បន្ទាប់មានការដាក់សំណើពីមន្ទីរសុខាភិបាលទីក្រុងហូជីមិញផ្ទាល់ រួមជាមួយនិងការផ្តល់អនុសាសន៍ពី គណៈកម្មាធិការអចិន្រ្តៃយ៍វៀតណាមទទួលបន្ទុកកិច្ចការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរាតត្បាតនៃ COVID-19។ បច្ចុប្បន្ន នៅទីក្រុងហូជីមិញ មានអ្នកឆ្លង COVID-19 ចំនួន៥៤នាក់ហើយ។ ចំណែកនៅលើពិភពលោក បានកើនលើសពី១៥២,០០០នាក់ និងស្លាប់ជិត៥,៤០០នាក់ ហើយប្រទេសនិងដែនដីពីជាង១៤០ ទៅ១៥០ មានករណីឆ្លងជំងឺនេះ៕
ដោយ៖ មែវ សាធី