សាកមីស៊ីលអីតែកូរ៉េខាងជើង អាមេរិកក៏បានសាកល្បង មីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូ

ចែករំលែក៖

អាមេរិក៖ បើទោះបីអាមេរិក កំពុងតែ ប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ តែវិស័យ យោធាសព្វាវុធរបស់អាមេរិក មិនរងផលប៉ះពាល់នោះឡើយ ដោយអាមេរិក បានសាកល្បងមីស៊ីលឆ្លងទ្វីបល្បឿនលឿន បំពាក់ក្បាលគ្រាប់បរមាណូ ។
មន្ទីរបញ្ចកោណអាមេរិក បានប្រកាសថា បានសាកល្បងដោយជោគជ័យ មីស៊ីលល្បឿនលឿនអាចបំពាក់ក្បាល់គ្រាប់បរមាណូ ។ សកម្មភាពខាងលើនិងជំរុញឲ្យ មានការប្រកួតប្រជែងរវាង មហាអំណាចយោធានៅលើពិភពលោក ។
ការសាកល្បងធ្វើឡើង នៅទីតាំង ស្ថិតនៅលើកោះ ហាវៃ កាលពីថ្ងៃទី ២០ខែមីនា ។ សារព័ត៌មាន South China morning post បានដកស្រង់ប្រភពព័ត៌ មានពីក្រសួងការពារជាតិអាមេរិក បញ្ជាក់ថា  មីស៊ីលដែលបានសាកល្បងនោះ មានល្បឿនលឿនជាងសំឡេង ដល់ទៅ ៥ដង ។ ជាមួយនិងល្បឿនខាងលើ ប្រព័ន្ធការពារ មិនអាច វាយស្ទាក់ទាន់ពេលវេលានោះឡើយ ។ គោលដៅរបស់អាមេរិក គឺផលិតមីស៊ីល អាច វាយប្រហារពីជើងទម្រលើដី ឬវាយប្រហារ ពីយន្តហោះចម្បាំង ។
លោក Johnny Wolfe ប្រធានកម្មវិធីអាវុធ យុទ្ធសាស្ត្រ  អាមេរិក បានលើកឡើងថា «ថ្ងៃនេះ យើងបានសាកល្បងជោគជ័យ  ហើយយើងនឹងបន្តដំណាក់កាលបន្ទាប់ទៀត នៅអាវុធល្បឿនលឿននេះ»។
មន្ទីរបញ្ចកោណអាមេរិក កំពុងតែខិតខំ ដើម្បី តាមឲ្យទាន់រុស្ស៊ី និងចិន ពីបច្ចេកវិទ្យាអាវុធល្បឿនលឿន ។ តាមគម្រោងនៅក្នុងឆ្នាំ ២០២១ ក្រសួងការពារជាតិអាមេរិក នឹងចំណាយប្រាក់ ៣,២ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍មីស៊ីលល្បឿនលឿន  មានសមត្ថភាពវាយលុកនៅក្នុងឆ្នាំ ២០២៣ ។
កាលពីខែធ្នូ ឆ្នាំ ២០១៩ រុស្ស៊ីបានប្រកាសថា បានសាកល្បង មីស៊ីលល្បឿនលឿន Avangard ដោយជោគជ័យ ហើយបានដាក់ឲ្យប្រើប្រាស់ក្នុងកម្លាំងយោធា ។ ចំណែកចិនវិញក៏បានបង្ហាញមីស៊ីលល្បឿនលឿន DF-17 ក្នុងពិធីដង្ហែរក្បួនយោធា កាលពីខែតុលាឆ្នាំ ២០១៩៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print