គេរាយការណ៍ថា ស្រុកពញាក្រែកដែលត្រូវបានកាត់ឲ្យមកគ្រប់គ្រងក្រោមអំណាចខេត្តត្បូងឃ្មុំបច្ចុប្បន្ន សកម្មភាពនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមាននៅគ្រប់ទីកន្លែងគួរឲ្យកត់សម្គាល់ ។ កាលពីជំនាន់ស្រុកពញាក្រែកនៅក្រោមដែនរដ្ឋបាលខេត្តកំពង់ចាម មិនសូវមានការរីករាលដាល ក្នុងការប្រើប្រាស់ និងជួញដូរគ្រឿងញៀននោះទេ ។
គេរាយការណ៍ថា នៅតាមចំការម្រេច និងចំការកៅស៊ូ ហ្វូងយុវជនសម្ងំជក់ថ្នាំដោយគ្មានការរំខានពីសមត្ថកិច្ចនោះឡើយ ។ នៅទីណា ក៏មានមនុស្សជក់គ្រឿងញៀនដែរ ។ វាហាក់ដូចជារឿងធម្មតាសម្រាប់ការលក់ និងជក់គ្រឿងញៀននៅក្នុងទឹកដីស្រុកពញាក្រែក ក៏ដូចជា ខេត្តត្បូងឃ្មុំទាំងមូល។ គ្រឿងញៀនស្ទើរតែត្រូវបានដាក់លក់ជាចំហរដូចលក់ត្រី លក់បន្លែទៅហើយ ។
នៅផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តត្បូងឃ្មុំជាទីតាំងដែលចែកចាយគ្រឿងញៀន ។ ផ្ទះសំណាក់នោះត្រូវគេខ្សឹបខ្សៀវថាជាកម្មសិទ្ធិរបស់មន្ត្រីនគរបាលម្នាក់នៅទីនោះ ។
ប្រជាពលរដ្ឋព្រួយបារម្ភចំពោះសកម្មភាពនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ ប្រសិនបើមិនមានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាទេនោះ បញ្ហាគ្រឿងញៀននេះ នឹងបង្កឲ្យមានហានិភ័យខ្ពស់នៅក្នុងខេត្តត្បូងឃ្មុំជាមិនខានឡើយ ។ ប្រជាពលរដ្ឋខ្សឹបខ្សៀវថា សមត្ថកិច្ចហាក់ដូចជាត្រូវដងត្រូវផ្លែជាមួយនឹងអ្នកលក់គ្រឿងញៀន ។ មិនតែប៉ុណ្ណោះ អ្នកជក់គ្រឿងញៀនស្ទើរគ្រប់ទីកន្លែងមិនត្រូវបានបង្ក្រាបនោះឡើយ ៕