មហាអំណាចទី១លើពិភពលោក ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច ដោយសារតែការឆ្លងរាលដាល់នៃ វីរុសកូវីដ-១៩ នៅពេលនេះអាមេរិកបង្កើនការចំណាយទ្វេដង ដើម្បីជួយដល់វិស័យសេដ្ឋកិច្ច គិតជាទឹកប្រាក់កើនឡើងដល់ទៅ២ពាន់ពាន់លានដុល្លារ (២០០០ កោដិ)។
ពេលថ្មីៗនេះលោកត្រាំ ទើបតែចុះហត្ថលេខា ចំណាយប្រាក់១ពាន់ពាន់លានដុល្លារ ជួយដល់សេដ្ឋកិច្ច ក្នុងនោះមាន៥០០ពាន់លានដុល្លារចែកចាយដល់ពលរដ្ឋអាមេរិក ម្នាក់ ១ពាន់ដុល្លារ។ ទីប្រឹក្សា សេដ្ឋកិច្ចរបស់ប្រធានាធិបតីត្រាំ លោកLarry Kudlow បានលើកឡើងថា ដោយសារតែផលប៉ះពាល់ខ្លាំង អាមេរិកត្រូវបង្កើនការចំណាទ្វេដងទើបរក្សាសេដ្ឋកិច្ច បានប្រសើរ។
លោកLarry Kudlowបន្តទៀតថា ចំនួនទឹកប្រាក់២ពាន់ពាន់លានដុល្លារ គឺជាចំនួនយ៉ាងច្រើន ប៉ុន្តែជារឿងចាំបាច់ត្រូវចំណាយ។ផលប៉ះពាល់ អាចអូសបន្លាយជាច្រើនខែទៀត ។ ប្រធានាធិបតីដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា ការចំណាយប្រាក់ខាងលើ គឺដើម្បីជួយដល់បណ្តាក្រុមហ៊ុន នៅអាមេរិកបញ្ចៀសការខ្ស័យធុន ដោយសារកូវីដ-១៩។
សេដ្ឋកិច្ច ប្រទេសមហាអំណាចទីមួយ កំពុងប្រឈមវិបត្តិទ្រង់ទ្រាយធំ ។ពលរដ្ឋអាមេរិកបានដាក់លិខិតសំជំនួយពីរដ្ឋាភិបាលដោយសារតែអត់ការងារធ្វើ កើនឡើងដល់ទៅ៣លាននាក់ហើយ។
បច្ចុប្បន្ននៅអាមេរិក មានអ្នកឆ្លងកូវិដ-១៩កើនឡើងដល់ទៅជិត២ម៉ឺននាក់ហើយ ចំណែកអ្នកស្លាប់ក៏កើនឡើងដល់ទៅ២៦០ នាក់ផងដែរ។ សាលារៀន ក្លឹបរាត្រី រាង្គសាល ភោជនីយដ្ឋាន …ក៏ត្រូវបិទទ្វារខ្លាចឆ្លងកូវីដ-១៩ ។ បច្ចុប្បន្នមាន៤៥រដ្ឋ នៅអាមេរិកមានករណីឆ្លងមេរោគដ៏គ្រោះថ្នាក់នេះ៕