ខេត្តកណ្តាល៖ បុរស២នាក់បើកម៉ូតូឌុបគ្នាបោះពួយយ៉ាងលឿនដោយមិនប្រកាន់ស្តាំរបស់ខ្លួន បណ្តាលឲ្យជ្រុលទៅបុកម៉ូតូបើកច្រាស់ទិសគ្នារងរបួសរបួសធ្ងន់-ស្រាល៣នាក់ កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១A ត្រង់ចំណុចខាងមុខផ្ទះសំអាងការកេសរកូល ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1O-4812 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ប្រាក់ ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ (រងរបួសស្រាល) មានទីលំនៅក្នុងភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ។ ភាគីរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ខៀវ ស្លាកលេខកណ្តាល1A-1222 បើកបរដោយឈ្មោះ មាន សុភត្ត្រ័និត ភេទប្រុស អាយុ១៦ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ មាន សុធារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូបង្កបើកបរតាមបណ្តោបយផ្លូវជាតិលេខ២១A ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុបានជ្រុលទៅបុកជាមួយម៉ូតូហុងដាគុបបើកបរក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវជាតិ ធ្វើឲ្យមានអ្នករងរបួសធ្ងន់ស្រាលតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។
សមត្ថកិច្ចនគរបាលចថរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កដោយភាគីម៉ូតូហុងដាឌ្រីម ដែលបើកបរមិនប្រកាន់ស្តាំបណ្តាលឲ្យជ្រុលទៅបុកម៉ូតូហុងដាគុបដែលបើកបរច្រាស់ទិសគ្នា ៕
ដោយ៖ ស្អាងជ័យ