នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជម្រុញឲ្យកងទ័ពជើងទឹកត្រូវបន្តគិតគូរទុកជាមុន ដើម្បីដោះស្រាយរាល់ការប្រឈមទាំងឡាយដែលអាចកើតមានឡើងនៅលើលម្ហសមុទ្រកម្ពុជា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពការងារកងទ័ពជើងទឹកនៅមូលដ្ឋានសមុទ្រ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជម្រុញឲ្យថ្នាក់ដឹកនាំកងទ័ពជើងទឹក ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នូវរាល់ការប្រឈមទាំងឡាយដែលនឹងអាចកើតមានឡើង។ តាមនាយឧត្ដមសេនីយ៍ បញ្ហាប្រឈមដែលត្រូវយកចិត្តទុកដាក់នោះមានដូចជា៖ បញ្ហាអធិបតេយ្យភាពលើដែនសមុទ្រ, បញ្ហាភេរវកម្មប្រដាប់អាវុធ, អន្តោប្រវេសន៍ខុសច្បាប់, ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ ការបំពុលបរិស្ថាន គ្រោះមហន្តរាយធម្មជាតិ ដែលទាមទារឱ្យកងទ័ពជើងទឹកត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងវិន័យជាប្រចាំ ដើម្បីធ្វើសកម្មភាពអន្តរាគមន៍បានទាន់ពេលវេលា។

ក្នុងស្មារតីនេះដែរនាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានជម្រុញឲ្យកងទ័ពជើងទឹក ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងអស់ តាមរយៈការចូលចតនាវានៅកំពង់ផែកម្ពុជា ក៏ដួចជាដំណើរទស្សនកិច្ចផ្លាស់ប្តូរយោបល់ ការជួបពិភាក្សាគ្នាទៅវិញទៅមក ការចូលរួមក្នុងវេទិកាប្រជុំនានារបស់កងទ័ពជើងទឹក និងកម្មវិធីល្បាតរួមគ្នាជាមួយប្រទេសជិតខាង សំដៅចែករំលែកព័ត៌មានទៅវិញទៅមក ពង្រឹងសមត្ថភាពមន្ត្រីយោធា ជំនាញអន្តរជាតិ និងការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេសជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាធ្វើឱ្យមានសណ្តាប់ធ្នាប់ និងមានបរិស្ថានល្អនៅក្នុងដែនសមុទ្រ។

នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងកងទ័ពជើងទឹក ត្រូវខិតខំពង្រឹងសមត្ថភាពលើ គ្រប់វិស័យ ក្នុងនោះត្រូវខិតខំការហ្វឹកហ្វឺន បណ្តុះបណ្ដាល ការគ្រប់គ្រង ជូសជុលថែរក្សាឧបករណ៍ សម្ភារ យុទ្ធោបករណ៍ ឱ្យបានសមស្របទៅនឹងបច្ចេកទេស និងដើរទាន់ទៅភាពរីកចម្រើនរបស់សកលលោកនាពេលបច្ចុប្បន្ន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print