ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវនគរបាលមូលដ្ឋានចាប់ខ្លួនបញ្ជូនទៅសាលាដំបូង ក្រោយពីប្រើអំពើហិង្សាកាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៥និង៣០នាទី នៅភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ។
មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចែម សុខុម អាយុ៤៩ឆ្នាំ ត្រូវជាប្តី បានឈ្លោះប្រកែកជាមួយប្រពន្ធ ឈ្មោះ សិទ្ធ លី អាយុ៣៤ឆ្នាំ នៅគ្រាដែលប្រពន្ធទាញកាំបិតផ្គាក់មកគំរាមប្តី តែត្រូវប្តីដណ្តើមបានកាប់ទៅលើប្រពន្ធ១កាំបិត ត្រូវក្បាលលើត្រចៀកខាងឆ្វេងរងរបួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទីរសៀល គេឃើញឈ្មោះ សិទ្ធ លី ត្រូវប្តី អូសចេញពីផ្ទះមកដាក់នៅផ្លូវថ្នល់ដោយមានឈាមហូរជោកខ្លួន ។ ពេលនោះ ប្រជាពលរដ្ឋបានយកក្រមាមករុំក្បាលឲ្យស្ត្រីរងគ្រោះ ហើយកូនស្ត្រីរងគ្រោះក៏បានរកមេភូមិឲ្យរកម៉ូតូដឹកម្តាយទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
បើតាមស្ត្រី ឈុំ ថាន់ ជាម្តាយស្ត្រីរងគ្រោះបានឲ្យដឹងថា ចាប់តាំងពីកូនប្រសាឈ្មោះ ចែម សុខុម មករស់នៅក្នុងក្រុមគ្រួសារគឺតែងតែស្រវឹងជេបញ្ចោរប្រពន្ធ និងពេលខ្លះជេគាត់ដែលជាម្តាយក្មេកនោះទៀត ។ នៅថ្ងៃកើតហេតុ គាត់ជាម្តាយក្មេកបានអង្គុយនៅលើផ្ទះបាយ រីឯកូនស្រីអង្គុយនៅលើអង្រឹងក្រោមផ្ទះ ។ ពេលនោះមិនដឹងជាកូនប្រសាមកពីផឹកនៅឯណានោះទេ ពេលមកដល់ផ្ទះ បានទៅអង្គុយលើអង្រឹងជាមួយប្រពន្ធ ហើយដេញប្រពន្ធទៅដួសបាយឲ្យស៊ី ។ ពេលនោះប្រពន្ធឆ្លើយថា ទៅហូបទៅ បាយដូសគ្របទុកនៅលើផ្ទះរួចហើយ ។ ពេលនោះជនសង្ស័យខឹងប្រពន្ធ ក៏ជេរ ហើយក៏មានការជេរតគ្នាចុះឡើង ។ គ្រានោះប្តីក៏បានវាយប្រពន្ធ១ដៃ ធ្វើឲ្យប្រពន្ធខឹងក៏ទាញយកកាំបិតផ្គាក់មកកាន់នឹងដៃ ហើយប្តីក៏ដណ្តើមយកចេញជាមួយនឹងការពោលថា «អញកាប់ឥឡូវហ្នឹង» ជាមួយនឹងការតមាត់គ្នាមួយពីរៗ ពេលនោះប្តីក៏កាប់ប្រពន្ធ១កាំបិតចំក្បាលលើត្រចៀកខាងឆ្វេងដួលក្បែរពាងទឹក ។ ពេលនោះប្តីក៏បីប្រពន្ធដាក់លើចិញ្ចើមថ្នល់ ហើយអង្គុយឱបប្រពន្ធ ។ ពេលនោះៗក៏បានរត់ទៅហៅមេភូមិ និងមានរ៉ឺម៉កដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចែម សុខុម បានឆ្លើយសារភាពថា ពេលខ្លួនមកពីជួយចាប់ត្រីគេ ដោយបានផឹកស្រាស្រវឹងខ្លះផងនោះ ស្រាប់តែមកដល់ផ្ទះប្រពន្ធរករឿង ដោយមិនឃើញបានត្រីយកមកផ្ទះ ។ ខ្លួនបានប្រាប់ប្រពន្ធថា ម្ចាស់គេយកត្រីទៅផ្ទះអស់ហើយ ។ ខ្លួនក៏បានទាញកង់ជិះទៅសុំត្រីគេ តែគេមិនឲ្យ ក៏ត្រឡប់មកផ្ទះវិញ ហើយប្រពន្ធក៏ជេដៀល និងទាញកាំបិតផ្គាក់មកវាយខ្លួនទៀតផង ។ បើទោះបីជាខ្លួនខំដើរចេញ ក៏ប្រពន្ធនៅតែតាមវាយ ហើយខ្លួនក៏ទះកាំបិតចេញ ស្រាប់តែបោកត្រូវក្បាលប្រពន្ធហូរឈាមយ៉ាងខ្លាំង និងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលស្រុកបាកានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
ដោយ៖ ប៉ឹម ពិន