ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ និងភាពចំបាច់ការចូលរួមពីសប្បុរសជនក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មីCovid19 ក្រុមហ៊ុន KINNRICH Copper Smelting Co.,LTD និងNew Economic Zone បានឧបត្ថម្ភថវិកាចំនួន៣០០០០ដុល្លារ សហរដ្ឋអាមេរិកជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំងជំងឺCovid19។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងទ័ពជើងគោក តំណាងអោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំងជំងឺCovid19 បានទទួលនូវថវិកា ទាំងនេះ ដើម្បីជាតម្រូវការជួយសង្គ្រោះ បង្ការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺវីរុសកូវីដ១៩។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មានសប្បុរសជនមួយចំនួនបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ។ ថ្នាក់ដឹកនាំសមាគមសូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជនដែលមានបំណងចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈសមាគមTYDA៕
ដោយ៖ សហការី