ខេត្តកណ្តាល ៖ បុរស២នាក់បានរងរបួសធ្ងន់ និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងដោយសារពួកគេបានជិះម៉ូតូចេញពីផឹកស៊ីក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុកតូបលក់ផ្លែឈើមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្លាបតែអោង ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1V-1893 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន។ លុះ មកដល់ចំណុចខាងលើជាផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករះតូបលក់ផ្លែឈើនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់គ្រែអស់២។ ចំណែកម៉ូតូផ្លោងទៅចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកបើកម៉ូតូផ្លោងបោកនឹងបង្គោលតឿនៅតាមផ្លូវរងរបួសធ្ងន់ និងអ្នកជិះខាងក្រោយរងរបួសស្រាល។ រីឯម៉ូតូខូចខាតខ្នងកង់ខាងមុខជាដំណំ។
ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ត្រូវបានមិត្តភក្កិដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន។ ដោយឡែកការខូចខាតគ្រែលក់ផ្លែឈើ ទាំង២គ្រឿងម្ចាស់គ្រែមិនទាមទារសំណងទេ ដោយសារតែឃើញអ្នកបង្ករងរបួសធ្ងន់ ៕ វិបុល