ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីក្មេងចាស់ចំនួន១១នាក់បានស្លាប់ និងរងរបួសខណៈជនរងគ្រោះធ្វើដំណើរតាមរថយន្តក្រឡាប់ដោយខ្លួនឯងនៅពេលរថយន្តបែកកង់មុខ ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលរខ៥៦ ស្ថិតភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយ ឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជុំវិញនៃហេតុការណ៍ខាងលើបើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ឃុំបន្ទាយឆ្មារប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង១១នាក់បានស្លាប់ចំនួន៤នាក់ចំណែករងរបួសធ្ងន់ស្រាល៧នាក់ ។ ជនរងគ្រោះត្រូវបានគេដឹកតាមរថយន្តយកមកសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបុរី។
ជនរងគ្រោះស្លាប់៤នាក់មានទី១.ឈ្មោះ សាំង អ៊ុច ភេទប្រុអាយុ៤៥ឆ្នាំ ទី២.ឈ្មោះ សាំង រុទ្ធស័ក្តិ ភេទប្រុសអាយុ១៩ឆ្នាំ ទី៣.ឈ្មោះ សុខ គល់ ភេទស្រីអាយុ៩ឆ្នាំ និងទី៤មិនស្គាល់ឈ្មោះនៅឡើយនោះទេក៏ប៉ុន្តែជាមនុស្សប្រុស។ ជនរងគ្រោះស្លាប់និងរងរបួសរស់នៅស្រុកកញ្ចៀច ខេត្តព្រៃវែង។
លោក ប៊ិច វ៉ាន់ថា នាយប៉ុស្តិ៍នគបាលឃុំបន្ទាយឆ្មារបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តធុនតូយ៉ូតា(តាកូម៉ា)មួយបាំងកន្លះ១គ្រឿងពាក់ស្លាក់លេខកណ្តាល2A.6695ដឹកមនុស្សចំនួន១៥នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន រថយន្តចេញពីខេត្តព្រះវិហារដើម្បីមកខេត្តបន្ទាយមានជ័យចូលរួមមង្គលការបងប្អូនហើយមកដល់ចំណុចខាងលើរថយន្តបានបែកកង់ខាងមុខឆ្វេងហើយរថយន្តក៏រ៉េចង្កូតទៅខាងឆ្វេងដៃបណ្តាលរថយន្តក្រឡាប់២ទៅ៣ត្រឡប់ធ្លាក់ជញ្ជើមផ្លូវបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ៣នាក់ និងម្នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងអ្នករងរបួសធ្ងន់ស្រាល៧នាក់ក៏ត្រូវបានបញ្ចុនដល់មន្ទីរពេទ្យ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំងអស់រស់នៅខេត្តព្រៃវែង មកលេងខេត្តព្រះវិហារ១យប់ លុះស្អែកឡើងធ្វើដំណើរចេញពីខេត្តព្រះវិហារដើម្បីមកខេត្តបន្ទាយមានជ័យមកការបងប្អូន។ លុះធ្វើដំណើរមកដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់បែបនោះតែម្តង ។ រថយន្តរងការខូចខាតធ្ងន់ធ្ងរ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារមកទទួលដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតវិញ ។ ចំណែករថយន្តបន្ទាប់មកត្រូវបានស្ទូចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំបន្ទាយឆ្មារ៕
ដោយ៖ សំ វិច្ឆិកា