ទីបំផុត…សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួននគរបាលក្រុង ដែលបាញ់រះសម្លុតពលរដ្ឋ កណ្ដាលរាជធានី កាលពីយប់ម៉ិញបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ ជាមន្ត្រីនគរបាល ខ្លួនជាអ្នកអនុវត្តច្បាប់ បែជាមានចរិកអន់ បាញ់បោះសេរីចំកណ្តាលទីក្រុងភ្នំពេញ ទីបំផុត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនសង្ស័យម្នាក់ឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ដែលបង្កការបាញ់បោះ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និ១០នាទី នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ច នៃការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានហេីយ និងរៀបចំសំណុំរឿង ដេីម្បីបញ្ជូនទៅតុលាការ  អនុវត្តបន្តតាមនីតិវីធីច្បាប់ ។ នេះបើយោងតាមផេក Facebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានី ។
ប្រភពបង្ហើបថា៖ ជនសង្ស័យមានឈ្មោះ គង់  សុភាព  មានឋានៈ អនុប្រធានការិយាល័យ នាមសំងាត់  ត្រីកោណ 06  នៃអង្គភាពការិល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។
សូមរំលឹកថា មានជនស៊ីវិលមួយក្រុម ជិះរថយន្ដ៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង បានបាញ់ជាច្រើនគ្រាប់ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៩និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវរថភ្លើង ទីតាំងសកម្មលក់គ្រឿងញៀនរាល់ថ្ងៃរាល់យប់ កែងផ្លូវ R6 ក្នុសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមសម្ដីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា គេឃើញមាន រថយន្តចំនួន៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង ស្លៀកពាក់ស៊ីវិល បានចុះមកដល់ ចំណុចកើតហេតុ បាញ់ជាច្រើនគ្រាប់ ធ្វើពលរដ្ឋដែលមិនដឹងរឿង នាំគ្នារត់ប្រសាច បិទទ្វារ និងមាននារីម្នាក់ស្លុតរហូតសន្លប់ ។ ពលរដ្ឋមិនហ៊ានសន្និដ្ឋាន ថាក្រុមនោះ ជាកម្លាំងសមត្ថកិច្ចឬយ៉ាងណានោះទេ ព្រោះមិនមានឯកសណ្ឋាន ឬ អាចក្រុមនោះជាក្រុមមេគ្រឿងញៀន ក៏មិនដឹង ។ ក្រោយពីបាញ់រួច ក្រុមនោះបាននាំគ្នារត់ឡើងឡាន និងម៉ូតូចេញទៅអស់ ។
ក្រោយកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះដល់កន្លែងកើតហេតុ ធ្វើការប្រមែល ប្រមូលពត៌មានពីប្រជាពលរដ្ឋ ក៏បានបំភ្លឺថា  ក្នុងចំណោមជន បង្កទាំង៨នាក់នោះ គឺមានជនម្នាក់ ឈ្មោះ គង់  សុភាព  មានឋានៈអនុប្រធានការិយាល័យ នាមសំងាត់  ត្រីកោណ 06  នៃអង្គភាពការិល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ។
មជ្ឈដ្ឋានទូទៅរបស់បងប្អូនប្រជាពលរដ្ឋគាំទ្រចំពោះសមត្ថកិច្ច ដែលធ្វើការស្រាវជ្រាវទាន់ពេលវេលា ឈានដល់ការឃាត់ខ្លួន ជនបង្កបាញ់បោះសេរី ហើយជានគរបាលថែមទៀត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print