ភ្នំពេញ៖ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ហើយព្យាយាមបើកឡានរត់គេចខ្លួននោះ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៍ចរាចរណ៍ក្រុងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖ នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែមីនា ឆ្នាំ២០២០ ដោយមានការឯកភាព និងយល់ព្រមពីប្រធានព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ភេទប្រុស ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង ២១:១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ និងដឹកនាំកម្លាំងដោយផ្ទាល់របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានតាមចាប់ខ្លួនបាននៅវេលាម៉ោង ១:២០នាទី រំលងអាធ្រាត្រ ត្រូវបានបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១១:៥០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
តំណាងអយ្យការកំពុងធ្វើកំណត់ហេតុសាកសួរ អាចធ្វើការចោទប្រកាន់ នៅព្រលប់ថ្ងៃទី៣១ ឬព្រឹកថ្ងៃទី១ មេសា ខាងមុខ៕
ដោយ៖ សិលា