ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះចាប់រថយន្តដឹកដីចំនួន២គ្រឿងភ្លាមៗ ខណៈដែលរថយន្តខាងលើបើកដឹកដី ធ្វើឲ្យធ្លាក់អាចម៍ដីប្រឡាក់ពេញផ្លូវ ចាប់ពីផ្លូវលេខ៦៣ រហូតដល់រង្វង់មូលគួចកាណុង និង បានធ្វើការបាញ់លាងសំអាតផ្លូវថ្នល់ទាំងយប់ផងដែរ ។
ក្នុងប្រតិបត្តិការចុះឃាត់រថយន្តដឹកដីខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយសារតែរថយន្តចំនួន០២គ្រឿង ដែលបានបើកបរលើដងផ្លូវ បណ្តាលឲ្យធ្លាក់អាចម៍ដី មកលើថ្នល់ ចាប់ពីផ្លូវលេខ៦៣ រហូតដល់រង្វង់មូលគួចកាណុង ដែលមានចម្ងាយប្រមាណជិត៣គីឡូម៉ែត្រ។
បន្ទាប់ពីឃាត់រថយន្តទាំង២គ្រឿងនេះរួចមក លោក សុខ ពេញវុធ ក៏បានបន្តដឹកនាំកម្លាំងប្រជាការពារខណ្ឌ ធ្វើការបាញ់លាងសំអាតផ្លូវថ្នល់ដែលប្រឡាក់នោះទាំងយប់ផងដែរ ដើម្បីកុំឲ្យប្រឡាក់នាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ។
ក្រោយប្រតិបត្តិការរួចរថយន្តទាំង២គ្រឿងនេះ ត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីឲ្យតំណាងក្រុមហ៊ុនចូលដោះស្រាយពីបញ្ហានោះ កុំឲ្យមានការធ្វេសប្រហែសដូច្នេះតទៅទៀត ៕
ដោយ៖ ស រស្មី