លោក Pape Diouf អតីតប្រធានក្លិបបាល់ទាត់បារាំង Marseille បានទទួលមរណភាពក្នុងវ័យ ៦៨ឆ្នាំកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដែលការស្លាប់នេះ មានពាក់ព័ន្ធនឹងការឆ្លងវីរុសឆ្លង COVID-19។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ BBC ។
ក្រោយពីមរណភាពរបស់លោក Pape Diouf ក្លិបបារាំង Marseille បានបញ្ចេញសារក្នុងបណ្តាញសង្គមរបស់ក្លិបថា «លោក Pape នៅតែស្ថិតក្នុងបេះដូងរបស់ក្លិបជានិច្ច និងនៅតែជាបុគ្គលម្នាក់ដ៏អស្ចារ្យនៃប្រវត្តិសាស្រ្តក្លិប»។ ក្រុមប្រឹក្សាបាល់ទាត់ LFP ក៏បានលើកឡើងថា «លោក Pape ដែលជាសមាជិកក្រុមប្រឹក្សា LFP ម្នាក់ដែលបានចំណាយពេញស្ទើរ ១ជីវិតរបស់លោកក្នុងវិស័យនេះ និងជាប្រធានក្លិបដ៏ល្អម្នាក់»។
សូមបញ្ជាក់ថា លោក Pape Diouf មានសញ្ជាតិសេណេហ្គាល់ កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៥១ និងបានក្លាយជាប្រធានក្លិប បារាំង Marseille ក្នុងឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩។ ក្នុងសម័យកាលលោកកាន់កាប់ក្លិបនេះបានឡើងទៅវគ្គផ្តាច់ French Cup ចំនួន ២លើក និងបន្តឈ្នះពានលីកកំពូលបារាំង Ligue 1 ក្នុងរដូវកាល ២០០៩-២០១០ ក្រោយរងចាំអស់រយៈ ១៨ឆ្នាំ៕
ដោយ៖ ភិរក្ស