ចិនបានផ្តល់អាទិភាពក្នុងការជួយដល់កម្ពុជាមុនគេ ១លានម៉ាស់ ក្នុងស្មារតី «ស្រឡាញ់គ្នាក្នុងគ្រាក្រ, កម្ពុជានិងចិនរួមចិត្តតែមួយ»

ចែករំលែក៖

ភ្នំពេញ៖ មោទនភាពជាតិបំផុតចំពោះកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺប្រជាជនចិន បានផ្តល់អាទិភាពក្នុងការជួយដល់កម្ពុជាមុនគេ តាមរយៈការផ្តល់អំណោយសប្បុរសធម៌ជាម៉ាស់ចំនួន ១លាន ក្នុងស្មារតី នៃទិស្លោកថា៖ «ស្រឡាញ់គ្នាក្នុងគ្រាក្រ, កម្ពុជានិងចិនរួមចិត្តតែមួយ»។
ជាក់ស្តែងនៅថ្ងៃពុធ ៩កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងទទួលអំណោយជាម៉ាស់ចំនួន ១លានម៉ាស់ ពីក្រុមហ៊ុន ហូដូ គ្រុប (HOdo Group) របស់សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក វូ គ័រឈាន (Wu Guoquan) ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វូ គ័រឈាន (Wu Guoquan) ព្រមទាំងគណៈប្រតិភូតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលតំណាងឱ្យក្រុមហ៊ុន HOdo Group ដែលបានអញ្ជើញនាពេលនេះ។ ជាមួយគ្នានេះ លោកជំទាវ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយជាម៉ាស់ចំនួន ១លានម៉ាស់ ដែលកាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់ជូនទៅតាមសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត។

ទន្ទឹមនឹងនេះ លោកស្រី បានបញ្ជាក់ថា អំណោយជាម៉ាស់ពីបង-ប្អូនរួមចិត្តចិន នឹងបន្ថែមនូវគុណតម្លៃនៃបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងជាពិសេសនៅក្នុងការខិតខំប្រឹងប្រែងរួមគ្នា​នៅលើសកលលោក ដើម្បីប្រឆាំងនឹងវីរុសកូវីដ-១៩ និងដើម្បីជីវិតរស់នៅក្នុងសុខសន្តិភាព និងសុខុមាលភាពរបស់មនុស្សជាតិ។

ជាកិច្ចឆ្លើយតប លោក វូ គ័រឈាន (Wu Guoquan) បានគូសបញ្ជាក់ថា ប្រជាជនចិនពិតជាមិនអាចបំភ្លេចបានឡើយចំពោះវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិនក្នុងពេលកំពុងផ្ទុះជំងឺកូវីដ-១៩ ដែលបានបង្ហាញពីការលើកទឹកចិត្តដល់ប្រជាជន និងរដ្ឋាភិបាលចិន ដើម្បីសម្រេចបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ហេតុដូចនេះហើយ ទើបក្នុងពេលដែលកម្ពុជា កំពុងជួបបញ្ហានេះឡើង គឺ ប្រជាជនចិន បានផ្តល់អាទិភាពក្នុងការជួយដល់កម្ពុជាមុនគេ តាមរយៈការផ្តល់អំណោយសប្បុរសធម៌ជាម៉ាស់ចំនួន ១លាន ក្នុងស្មារតី «ស្រឡាញ់គ្នាក្នុងគ្រាក្រ, កម្ពុជានិងចិនរួមចិត្តតែមួយ»៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print