ភ្នំពេញ៖ បច្ចុប្បន្នអូស្ត្រាលី មានអ្នកឆ្លងកូវីដ-១៩ ជាង ៥ពាន់នាក់ហើយ និងមានអ្នកស្លាប់ ២៣នាក់ និងអ្នកព្យាបាលជាសះស្បើយ ៤២២នាក់។ រដ្ឋាភិបាលអូស្ត្រាលី បារម្ភខ្លាច ការឆ្លងរាលដាលខ្លាំងដូចអាមេរិក និងអឺរ៉ុប ទើបចាត់វិធានការតឹងតែងបំផុត គឺត្រូវដើរឲ្យបានមុនកូវីដ-១៩ មួយជំហានទើបអាចទប់ស្កាត់បាន ។
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ប៉ូលិស បានប្រកាស រិតត្បិតកាន់តែខ្លាំងឡើងបន្ថែមទៀត ទៅលើការធ្វើចលនា របស់ប្រជាជន ក្នុងគោលបំណង កាត់បន្ថយ និងទប់ស្កាត់ ការឆ្លតរាតត្បាតពីវីរុស COVID-19 ។ ការអនុវត្តដាក់កំហិតនេះ មានរយៈពេល ៩០ថ្ងៃ និងស្របពេលបច្ចុប្បន្ន ចំនួនករណីថ្មី COVID-19 របស់អូស្ត្រាលីមានការធ្លាក់ចុះផងដែរ ។
បន្ទាប់ពីបទបញ្ជារបស់រដ្ឋាភិបាលសហព័ន្ធកំហិតទៅលើពលរដ្ឋមិនឲ្យប្រមូលផ្តុំគ្នាតាមទីសាធារណៈលើសពីពីរនាក់ នោះ នៅតាមរដ្ឋនានារបស់អូស្ត្រាលី ក៏មានការណែនាំដល់កងកម្លាំងប៉ូលិសឲ្យផាកពិន័យរហូតដល់ ១១,០០០ ដុល្លារអូស្ត្រាលី (៦,៦៧២ ដុល្លារអាមេរិក) ដល់អ្នកដែលរំលោភបំពានលើច្បាប់រឹតបន្តឹងនេះ ។
នៅរដ្ឋ New South Wales ដែលមានប្រជាជនជិត ២៥ ភាគរយនៃប្រជាជនអូស្ត្រាលីប្រហែល២៥លាននាក់នោះ, ប៉ូលិសក៏បានគំរាមកំហែងដាក់ពន្ធនាគាររហូតដល់ ៦ ខែ ចំពោះបុគ្គលដែលរំលោភបំពានច្បាប់រឹតបន្តឹងនេះផងដែរ ។
លោក Mick Fuller ស្នងការប៉ូលិសរដ្ឋ New South Wales បានថ្លែងនៅក្នុងសន្និសីទកាសែតផ្សាយតាមទូរទស្សន៍ថា “បទបញ្ជារឹតបន្តឹង ការធ្វើចលនា របស់ប្រជាជននេះ មានរយៈពេល៩០ថ្ងៃ” ។
ដូចប្រទេសនានាលើពិភពលោក អូស្រ្តាលីបានបញ្ជាឲ្យបិទភោជនីយដ្ឋាន, ហាងកាហ្វេ, បារ, រោងភាពយន្ត និងណែនាំឲ្យប្រជាជន នៅខាងក្នុងផ្ទះ លើកលែងតែប្រជាជនដើររកទិញម្ហូបអាហារ ឬហាត់ប្រាណប្រចាំថ្ងៃប៉ុណ្ណោះ ពីព្រោះអូស្ត្រាលី កំពុងព្យាយាមទប់ស្កាត់ ជំងឺឆ្លងរាតត្បាត COVID-19 ។ នៅរដ្ឋ New South Wales ដែលមានចំនួនប្រហែលពាក់កណ្តាល ករណីឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសនោះ, អាជ្ញាធរបានរាយការណ៍ថា មានករណី COVID-19 ថ្មីចំនួន១១៦នាក់ត្រូវបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោង គឺតិចជាងការកើនឡើងកាលពីថ្ងៃមុន ។ នៅទូទាំងប្រទេសអូស្ត្រាលី អាជ្ញាធរសុខាភិបាលបានថ្លែងថា អត្រាឆ្លង COVID-19 ហាក់ដូចជាមានការថយចុះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែវាលឿនពេកនៅក្នុងការនិយាយឲ្យបានច្បាស់លាស់ជាងនេះ ៕
ដោយ៖ ធីរីណា