ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នាឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូត នៅកម្ពុជា ក៏ដូចជាដើម្បីបន្តពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-រុស្ស៊ី ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រជាជន និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការកសាងសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាំងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះ។ សមិទ្ធិផលប្រកបដោយផ្លែផ្កា នៃការអភិវឌ្ឍដែលកម្ពុជាទទួលបាន មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ី និងដៃគូអភិវឌ្ឍន៍នានា៕
ដោយ៖ សហការី