សម្តេចតេជោ ហ៊ុន សែន ៖ សូមពលរដ្ឋកម្ពុជាមានជំនឿទុកចិត្តលើវិធានការសុខភាពសាធារណៈរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែរំឮកពលរដ្ឋអោយយកចិត្តទុកដាក់ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារអោយបានល្អ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩។ ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំអាល់កុល ឬចឹលលាងដៃសម្លាប់មេរោគបាក់តេរី ដើម្បីការពារការឆ្លងរោគពីយើងទៅគេ នឹងពីគេមកយើង។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានជ្រាប ថា មកទល់ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លា២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាពផលិតអោយបានច្រើនថែមទៀត។ រាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត ព្រោះយើងត្រូវការលើសពីនោះ។ ជាមួយគ្នានេះដែរ សំភារៈពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយសំភារៈមួយចំនួនទៀតដែលយើងផលិតមិនបានគឺនឹងនាំមកពីក្រៅប្រទេស។ សំភារៈពេទ្យយើងមួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសំភារៈបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏យើងត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសំភារៈនិងបរិក្ខារពេទ្យមួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង។

សម្តេចបានថ្លែងថា៖ ក្រៅពីត្រៀមបម្រុងសំភារៈបរិក្ខារពេទ្យរួចរាល់ហើយ គឺយើងបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានអោយនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករនិងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ជូនបងប្អូនប្រជាពលរដ្ឋកុំអោយមានការតក់ស្លុតអោយសោះ កម្ពុជាមិនអោយមានសភាពស្លាប់គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីឌ-១៩៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print