ល្បែងអនឡាញបើកដំណើរការក្នុងសណ្ឋាគារ មណ្ឌលគិរី បន្តផ្គើននឹងសារាចររាជរដ្ឋាភិបាល ០០៧ សរណន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ថៅកែជនជាតិចិន សហការគ្នាជាមួយថៅកែជនជាតិខ្មែរ បានបន្តបើកដំណើរការ ដោយលួចលាក់ ល្បែងអនឡាញ អិនធើណេត ដ៏គឃ្លើន ហ៊ានផ្គើននឹង សារាចររាជរដ្ឋាភិបាល លេខ ០០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ខណៈអាជ្ញាធរខេត្ត សមត្ថកិច្ច ជំនាញពាក់ព័ន្ធអនុវត្តសារាចរនេះ បែបនៅត្រឹមឆក់ឱកាស តាមវប្បធម៌ធ្វើការរបៀប(កន្ទេលធំបន្លំដេក) ឬអាចឆ្លៀតរកប្រយោជន៍ណាមួយ។
សណ្ឋាគារ មណ្ឌលគិរីនេះ លួចបើកដំណើរបើកអនឡាញ អិនធើណេត តាមប្រព័ន្ធ Computer ប្រមាណជា៥ខែមកហើយ ក្នុងនោះគឺជួលអោយជនជាតិចិន ស្នាក់នៅពី៧០ ទៅ១០០នាក់ ក្រោមការគ្រប់គ្រងមើលការការខុសត្រូវដោយជនជាតិខ្មែរឈ្មោះ ពៅ ហៅ ឡុង ដែលគាត់មានភាគហ៊ុនដល់៤០ ភាគរយជាមួយថៅកែជនជាតិរូបនោះ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី កន្លងទៅអៈអាងប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទថា៖ មិនមានចិនស្នាក់នៅទេ មានយ៉ាងច្រើន៣ទៅ៤នាក់ប៉ុណ្ណោះ ដោយពីមុនក្រុមហ៊ុនចិនមានបំណងចង់បើកអនឡាញមែន ប៉ុន្តែដោយស្ថានភាពបញ្ហាជំងឺរាតត្បាតវីរុសកូរ៉ូណាកូវីដ១៩ ពួកគេក៏ចេញទៅវិញអស់។ បើបើកមែនក៏លោកមិនអនុញ្ញាតដាច់ខាតនៅលើទឹកដីខេត្តមណ្ឌលគិរី ត្រូវតែបង្ក្រាប។ ព្រោះរាជរដ្ឋាភិបាលចេញសារាចរបិទហើយកាលពីខែសីហា ឆ្នាំ២០១៩។ ក្រោយមកអង្គភាព «នគរដ្រេហ្គន» មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ គឺតាមទូរស័ព្ទលោកនិយាយថា៖ «ខ្ញុំសូមទោស ជាប់រវល់ ចាំទំនេរខ្ញុំខលទៅវិញ» ។ ករណីខ្លះលោកឧត្តមសេនីយ៍ស្នងការមិនលើកទូរស័ព្ទ។ ដោយឡែកលោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់អង្គភាព «នគរដ្រេហ្គន»តាមទូរស័ព្ទថា៖ គណៈបញ្ជាការឯកភាពខេត្តប បញ្ជាអោយលោកដឹកនាំកម្លាំងពិនិត្យឆែកឆេ និងហៅម្ចាស់មកសួរនាំ តែរងចាំពេលវេលាណា១អោយសមរម្យសិន។ លោកបន្តថា៖ យ៉ាងតិចក៏១សប្តាហ៍ទើបចុះធ្វើការ។
បើតាមប្រភពស្នើសុំមិនអោយបញ្ចេញឈ្មោះ ខណៈលោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មិនហ៊ានចុះអនុវត្តភ្លាមៗ តាមបញ្ជាអភិបាលខេត្ត ដោយសារលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ទូរស័ព្ទអោយផ្អាកសិន ដោយលើកហេតុផលថា មិនទាន់មានកម្លាំងគ្រប់គ្រាន់។ ចំណុចនេះគេសង្ស័យថា លោកស្នងការនៅមានការលាក់លៀមទីតាំងនោះ បិទភ្នែកអោយចិន និងជនជាតិខ្មែរលួចដំណើរអនឡាញ អិនធើណេត ទើបដល់បច្ចុប្បន្នពួកគេ បន្តដំណើរការដដែល។
លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អង្គភាព «នគរដ្រេហ្គន» មិនអាចសុំការបំភ្លឺបានទេ ត្រង់ថាហេតុអី..! ក៏លោកគ្មានវិធានការបង្ក្រាប..? ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
លោក ពៅ ហៅ ឡុង ម្ចាស់ទីតាំងបើកអនឡាញ ក្នុងសណ្ឋាគារ មណ្ឌលគិរី បានអោយអង្គភាព«នគរដ្រេហ្គន»កាលពីថ្ងៃទី៤ ខែមេសា ដឹងថា៖ មិនទាន់មានសមត្ថកិច្ចចុះទៅឆែកឆេកន្លែងលោកទេ ហើយក៏គ្មានអ្នកហៅសួរដែរ។ លោកបញ្ជាក់ថា៖ ខ្ញុំរៀបចំបើកបន្ទប់ជួលអោយចិនបាន៧០បន្ទប់ សម្រាប់ស្នាក់នៅ ហើយលោកជាអ្នកបើកក្រុមហ៊ុនទេសចរណ៍ ចាំបាច់ត្រូវការប្រមូលបរទេសមកកន្លែងគាត់ ពិសេសជនជាតិចិនដែលជាអ្នករកសុី ដើម្បីសហការគ្នាវិនិយោគ។ លោកថា៖ បញ្ហាអនឡាញមិនមានទេ កុំជឿតាមគេរាយការណ៍ ។ លោក ពៅ ហៅ ឡុងបន្តថា៖ ខ្ញុំដឹងដែរថា រាជរដ្ឋាភិបាលបានចេញសារាចរ បិទអាជីវកម្មអនឡាញនេះ តាំងពីខែសីហា ឆ្នាំ២០១៩មកម្លេះ។
សូមបញ្ជាក់ថា៖ ទីតាំងសណ្ឋាគារ មណ្ឌលគិរី ដែលបានលួចបើកអនឡាញ អិនធើណេត Online Internet Computer នេះមិនអនុញ្ញាតអោយខ្មែរ ឬអ្នកប្លែកចូលទេ មានតែចិនកំពុងស្នាក់នៅ ។ ក្នុងនោះលោកស្នងការរង ទៀង សៅរ័ត្នន៍ បានអោយដឹងផងដែរថា៖ បើតាមការបញ្ជាក់ពីនគរបាលក្រុងសែនមនោរម្យ រាយការណ៍មកថាមានចិនជាង៣០នាក់ កំពុងស្នាក់នៅ តែចំពោះការបើកអនឡាញនោះលោកអត់ដឹងទេ ខណៈខាងនគរបាលក្រុងសែនមនោរម្យ មិនបានរាយការណ៍មកពីបញ្ហានេះ។
ជុំវិញបញ្ហានេះគួរតែលោក ស្វាយ សំអ៊ាង ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត មានវិធានការរដ្ឋបាលចុះពិនិត្យជាក់ស្តែង ចៀសវាងក្រុមចិនដែលញៀនល្បែង យក Online Internet Computer ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសឆ្លងដែនលើជនជាតិចិននៅក្រៅប្រទេស ហើយយកទឹកដីកម្ពុជាជាទីតាំងលាក់ខ្លួនប្រព្រឹត្ត ក្នុងរូបភាព ជម្រិតទារប្រាក់ កំហែងយក ។ ពិសេសគួរលោក ស្វាយ សំអ៊ាង ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ចូលរួមអនុវត្តនូវសារាចររបស់រាជរដ្ឋាភិបាល លេខ០០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ប្រកបដោយការទទួលខុសត្រូវ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print