ខេត្តពោធិ៍សាត់៖ សត្វពាហនៈ(ក្របី) ១ក្បាលត្រូវបានរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ ដើម្បីរងចាំបន្តនីតិវិធី បន្ទាប់មានអ្នកបើកបររថយន្ត ១គ្រឿងបុករួចរេចង្កូតក្រឡាប់ បង្ករងរបួសតៃកុង និងព្រូរថយន្ត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកសត្វក្របី បណ្ដាលឲ្យក្រឡាប់ និងរងរបួសមនុស្ស ២នាក់ខាងលើ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥.១៥៦ ស្ថិតក្នួងភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកក្រគរ មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក CANTER ពណ៏ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP 2120 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានបុកសត្វក្របីដើរឆ្លងផ្លូវ រួចរេចង្កូតធ្លាក់ស្នាមភ្លោះក្រឡាផ្ងារជើង គេឃើញតៃកុង និងព្រូវាចេញពីក្នុងកាប៊ីនរថយន្ត ប៉ុន្តែមិនធ្ងន់ធ្ងរប៉ុន្មាននោះទេ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ជនរងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ រថយន្តខូចខាតប្រគល់ទទួលជូនម្ចាស់ ចំណែកសត្វពាហនៈ(ក្របី)រក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ដើម្បីរងចាំបន្តនីតិវិធី ៕
ដោយ ៖ បុឹម ពិន