ប្រទេសថៃ៖ ទំហំនៃផលប៉ះពាល់ដោយសារតែ កូវីដ-១៩នៅលើពិភពលោក ពិតជាធំធេងណាស់ ទាំងសេដ្ឋកិច្ច នយោបាយ សង្គម… ។ មិនតែប៉ុណ្ណោះ សូម្បី សត្វក៏ត្រូវរងផលប៉ះពាល់នោះដែរ ដោយសារតែការបិទប្រទេស ទប់ស្កាត់ការឆ្លងកូវីដ-១៩។
កន្លងមក សត្វខ្លា នៅសួនសត្វធម្មជាតិ នៅអាមេរិកក៏រកឃើញឆ្លងកូវីដ-១៩ ពីអ្នកមើលថែ ហើយខ្លានោះក៏បានចម្លងទៅសត្វផ្សេងៗទៀត ។ ដោយឡែកនៅក្នុងប្រទេសថៃ សត្វដំរី នៅទីក្រុងបាងកក និងឧទ្យាននានា ក្នុងប្រទេសថៃ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ពេលនេះក៏បានក្លាយជាជនរងគ្រោះបន្ទាប់ ដោយកូវីដ-១៩។ ជីវិតរស់នៅក្នុងទីក្រុង នៃសត្វដំរីទាំងនោះ កាន់តែអាក្រក់ទៅ ក្រោយពេលមិនមានអ្នកទេសចរណ៍ទៅកម្សាន្ត ដោយសារតែការបិទប្រទេស។ គ្មានអ្នកទេសចរណ៍ ដំរីក៏មិនមានចំណីស៊ីដូចមុនទៀតឡើយ។
យោងតាមសារព័ត៌មាន Bangkok Post បានផ្សាយនៅថ្ងៃទី៩ខែមេសាថា៖ តាមការប៉ាន់ប្រមាណ មានដំរី ជាង២ពាន់ក្បាល់កំពុងតែ«អត់ការងារធ្វើ»ពេលគ្មាន អ្នកទេសចរណ៍ ហើយអ្នកមើលថែសត្វដំរី(ហ្មដំរី)ក៏ត្រូវកាត់បន្ថយដល់ទៅ៧០ភាគរយផងដែរ។
គ្មានអ្នកទេសចរណ៍សត្វដំរី មិនមានចំណីស៊ីគ្រប់គ្រាន់នោះឡើយ ប៉ះពាល់ដល់សុខភាព សត្វដំរី ។ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថា ៖ មានដំរី៧៥ក្បាល នៅសួនសត្វខេត្ត អាយុធ្យា អាចប្រឈម នឹងងាប់ដោយគ្មានអ្នកទេសចរណ៍ឲ្យចំណីសុី។
សត្វដំរីដើរតួនាទីយ៉ាងសំខាន់និងជាតំណាងរបស់ប្រទេសថៃ ។ រដ្ឋាភិបាលថៃបានកំណត់ថ្ងៃទី១៣ខែមីនា ជាទិវាសត្វដំរីនៅក្នុងប្រទេសនេះ។ យោងតាមប្រធានមន្ទីរឧទ្យានជាតិនិងអភិរក្សសត្វព្រៃថៃលោក Thanya Netithammakun បានបញ្ជាក់ថា មានសត្វដំរីព្រៃចន្លោះពី ៣.១៦៨ ទៅ ៣.៤៤០ក្បាលរស់នៅក្នុងដែនជម្រកសត្វព្រៃនិងឧទ្យានជាតិក្នុងប្រទេសថៃចំនួន ៨៩ ឧទ្យាន ដែលមានផ្ទៃដី ៥២ ០០០ គីឡូម៉ែត្រក្រឡា៕
ដោយ៖ ធី រីណា