ខេត្តក្រចេះ៖ ប្រជាពលរដ្ឋដែលបានឃើញពីសកម្មភាពដឹកជញ្ជូនឈើ តាមរថយន្តយីឌុបធំៗ បាននិយាយថា បច្ចុប្បន្នការដឹកជញ្ជូនឈើ ចេញពីតំបន់ផ្សេងៗ ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះចូលទៅស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ គឺកំពុងកើតមានយ៉ាងអនាធិបតេយ្យ ហើយសកម្មភាពនេះ គឺក្រុមឈ្មួញច្រើនធ្វើឡើងនៅពេលយប់ ។ លើសពីនេះពួកគាត់បានអះអាងថា ពួកគាត់អស់ជំនឿទៅលើជំនាញរដ្ឋបាលព្រៃឈើ ខណៈដែលមានរថយន្តយីឌុបដឹកឈើធំៗ រត់បន្តកន្តុយគ្នា តែជំនាញមេព្រៃ និងអាជ្ញាធរខេត្តហាក់ដូចធ្វើមិនដឹង ។
យ៉ាងណាក៏ដោយក្នុងមួយយប់ៗ គឺមានរថយន្តយីឌុបរាប់សឹបគ្រឿង មានផ្ទុកទៅឈើប្រណីតនិងឈើអារលេខ១សុក្រំ ពេញព្រៀប ដោយក្នុង១រថយន្តមានសាច់ឈើមិនក្រោមពី៤០ម៉ែត្រគូបនោះទេ ហើយរថយន្តដឹកឈើទាំងនេះ កំពុងតែបំផ្លាញផ្លូវថ្នល់ និងស្ពាន ដោយសារតែការផ្ទុកលើទម្ងន់ ។ ពលរដ្ឋថា មានរថយន្តខ្លះដឹកក្របតង់បិទជិត ខ្លះដឹកចំហរឃើញឈើពេញរថយន្តតែម្តង ហើយមានពេលខ្លះរថយន្តដឹកឈើទាំងនេះ បានក្រឡាប់ចាក់ឈើចោលរាយប៉ាយពេញផ្លូវ តែមិនឃើញជំនាញមេព្រៃចុះមកត្រួតពិនិត្យ ឬចាប់បង្ក្រាបនោះទេ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា សព្វថ្ងៃនេះការដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗ ភាគច្រើនបានដឹកជញ្ជូនចេញពីតំបន់ បាតអាងនៃក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងស្រុកសេសាន្ត ខេត្តស្ទឹងត្រែ និងមួយចំនួនទៀត គឺដឹកចេញពីខេត្តមណ្ឌលគិរីនិងខេត្តរតនគិរី ដោយធ្វើការដឹកជញ្ជូនឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះចូលទៅស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ហើយបន្តដឹកចូលទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងដូនរ័ត្ន និងច្រកដូងប្រាំពីរដើម ។
បើតាមការលើកឡើងពីមន្ត្រីជំនាញមួយចំនួនបាននិយាយថា ការដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗសព្វថ្ងៃនេះ គឺមានរថយន្តដឹកឈើភាគតិចណាស់ដែលមានច្បាប់ទម្លាប់ដឹកជញ្ជូនត្រឹមត្រូវ ក្រៅពីនេះ គឺមិនមានច្បាប់អនុញ្ញាត្តទាំងអស់ ហើយរថយន្តដឹកឈើទាំងនោះក៏មិនមានស្លាកលេខសម្គាល់ផងដែរ ។ ជាងនេះទៅទៀត ត្រឹមមន្ត្រីជំនាញតូចតាចល្មមៗ គឺមិនហ៊ានទៅកាក់សួរនាំរកច្បាប់អនុញ្ញាត្តនោះទេ ព្រោះខ្លាចមានបញ្ហាដល់ខ្លួន ព្រោះរថយន្តដឹកឈើនីមួយៗគឺសុទ្ធតែមានខ្នងបង្អែក និងមានភាគហ៊ុនពីមន្ត្រីថ្នាក់ធំៗ ដែលជាហេតុធ្វើឱ្យរថយន្តដឹកឈើល្មើសច្បាប់ អាចធ្វើចរាចរណ៍ទៅដល់គោលដៅដោយរលូន ដោយមិនមានការបង្ក្រាប ។
កន្លងទៅពលរដ្ឋតែងលើកឡើងថា បទល្មើសឈើប្រណីតមួយចំនួនហាក់ទទួលបានការគាំពារពីអាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីជំនាញ ដោយពួកគេចេះតែបង្កភាពងាយស្រួលដល់ការរកស៊ីរបស់ឈ្មួញទាំងនោះជាថ្នូរនឹងលាភសក្ការៈជំនួសវិញ។
ច្បាប់ព្រៃឈើមាត្រា ១០០ គឺបានចែងពីទោសទណ្ឌរបស់មន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល ឬមន្ត្រីអាជ្ញាធរផ្សេងៗទៀត គឺត្រូវជាប់គុកពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលរហូតដល់ ១០០លានរៀល។ បទល្មើសទាំងនោះរួមមាន ធ្វើអន្តរាគមន៍ ឬផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬប្រយោល ជួយដល់អាជីវកម្មព្រៃឈើ និងសកម្មភាពគ្រប់បែបយ៉ាងទាក់ទងបញ្ហាព្រៃឈើ។ គម្រាមកំហែងមន្ត្រីជំនាញ ឬរារាំងដល់ការបំពេញភារកិច្ចរបស់មន្ត្រីរដ្ឋបាលព្រៃឈើជាដើម ប៉ុន្តែកន្លងមកច្បាប់នេះ មិនបានអនុវត្តលើមន្ត្រីទុច្ចរិតទាំងនោះទេ ៕
ដោយ៖ កោះទ្រុង