ខេត្តកណ្តាល៖ មុខសញ្ញាចែកចាយថ្នាំញៀន៣នាក់ ក្នុងនោះមានម្នាក់ទើបនិងចេញពីពន្ធនាគារ៧ខែ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងនគរបាលស្រុកចាប់ខ្លួនពាក់ព័ន្ធករណីរកស៊ីចែកចាយថ្នាំញៀន ដកហូតបានថ្នាំញៀន៤កញ្ចប់ ” ធំ១កញ្ចប់ មធ្យម១កញ្ចប់ និងតូច២កញ្ចប់ ” ។
ប្រតិបត្តិការបង្ក្រាបថ្នាំញៀននេះបានធ្វើឡើង នៅវេលាម៉ោង១៥ និង៤៥នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅប្លុកសំបុកចាប ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យមាន,ទី១-ឈ្មោះ ឃុន ហ៊ីម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិគគីរធំ (ប្លុកសំបុកចាប) ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនសង្ស័យម្នាក់នេះទើបនិងចេញពីពន្ធនាគារបាន៧ខែ ទី២-ឈ្មោះ ជួន ធូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី៣-ឈ្មោះ អឹង ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងប្រតិបត្តិនេះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន-ថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន០៤កញ្ចប់ (ក្នុងនោះ០១កញ្ចប់ធំ, ០១កញ្ចប់មធ្យម និង០២កញ្ចប់តូច), ម៉ូតូ០១គ្រឿងម៉ាកហុងដា CUP70 ពណ៌ទឹកប៊ិច ផ្លាកលេខ កណ្តាល 1J-7309, កាំបិតចំនួន០៦, កូនពូថៅចំនួន០១, ដំបងបីកំណាត់ដែក០១, សម្ភារៈសម្រាប់ធ្វើការវេចខ្ចប់ដើម្បីចែកចាយ និងប្រើប្រាស់មួយចំនួន ។
លោកវរៈសេនីឯក ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេត រហូតដល់កំណត់ មុខសញ្ញាបានច្បាស់ ។ បន្ទាប់មកលោកឧត្តមសេនីទោអ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានបញ្ជាអោយ លោកឧត្តសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការរងទទួលការងារបង្ក្របគ្រឿងញៀនដឹកនាំកម្លាំងចុះបង្ក្រាបដោយសហការជាមួយកម្លាំងនគរបាលស្រុក និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបសមត្ថកិច្ចចម្រុះព័ទ្ធចាប់បាន៣នាក់ ។ ប្រតិបត្តិការនេះដែរមិនមានការផ្ទុះអាវុធនោះទេ ប៉ុន្តែប្រជាពលរដ្ឋនៅក្បែកន្លែងរង្វង់ប្រតិបត្តិការមានការភ្ញាក់ផ្អើល បន្ទាប់មកពួកគាត់ដឹងថាសមត្ថកិច្ចបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀន ក៍បានធ្វើអោយពួកគាត់មានការសាទរ ។
ក្រោយចាប់ខ្លួនជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានបញ្ជូនទៅកាន់ស្នងការទាំងយប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
...
ដោយ៖ សណ្តោស