ភ្នំពេញៈ ក្រុមហ៊ុន AZDistribution Co.,
នឹងរៀបចំពិធីប្រគល់សិទ្ធិគ្រប់គ្រងផ្លូវជាតិលេខ៤ ទៅឱ្យក្រសួងសាធារណការវិញនៅម៉ោង០០ៈ០០នាទីយប់នេះ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ម៉ា ស៊ុនហួត នាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន ដោយពិធីនេះ នឹងអញ្ជើញជាអធិបតីពីលោករដ្ឋមន្ត្រី ត្រាំ អ៊ីុវតឹក នៅចំណុចបញ្ជរបង់ប្រាក់ផ្លូវជាតិលេខ៤ ឈានចូលថ្ងៃទី១៤ មករា ឆ្នាំ២០១៦។
ចាត់ទុកថាជាកាដូថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសលុបចោលកិច្ចសន្យាក្រុមហ៊ុន AZ ជាមួយរាជរដ្ឋាភិបាលលើបញ្ហាផ្លូវជាតិលេខឈប់យកលុយពីរថយន្តឆ្លងកាត់ ចាប់ពីម៉ោង០០និង០០នាទី យប់នេះតទៅ ។ សម្តេចតេជោហ៊ុន សែនបានថ្លែងប្រកាសលុបចោល ការយកលុយពីរថយន្តទាំងអស់ធ្វើដំណើរលើផ្លូវជាតិលេខ៤បែបនេះ នៅក្នុងកិច្ចប្រជុំសភានាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ។
មួយរយះកន្លងទៅនេះសម្តេចបានដោះស្រាយបញ្ហាជាច្រើនជូនដល់ប្រជាពលរដ្ឋ នឹងមានការគាំទ្រ គោរព ស្រឡាញ់ ដោយប្រជាពលរដ្ឋមកលើសម្តេចតេជោ ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន។ សុខ ខេមរា