ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង ទទួលបានការរិះគន់ខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីលោកបានសរសេរត្រឹមពាក្យមួយឃ្លាមិនត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ រិះគន់កាន់តែខ្លាំងក្រោយពីលោកធ្វើការកែតម្រូវពាក្យមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុករហូតដល់ទៅ៤ដងហើយនៅតែមិនត្រឹមត្រូវនោះ។
ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃដំបូង លោក ហេង ឡុង រងការរិះគន់ជាថ្មីពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាខ្លាំងក្រោយពីលោកបានបញ្ចេញសារអប់រំខ្លីមួយឃ្លា”មិនអាចធ្វេសប្រហែសបានទេ” អមដោយរូបភាពពាក់ម៉ាស់ច្នៃមួយគួរឲ្យអស់សំណើច។ អ្វីដែលលោករងការរិះគន់ក្រោយពីសំណេររបស់ប្រធានសមាគមរូបនេះខុសអក្ខរាវិរុទ្ធជាច្រើនលើកច្រើនសា បើទោះបីជាលោកព្យាយាមកែវាក៏ដោយ។ អ្នករិះគន់លើកឡើងថា អក្សរគឺជាអត្តសញ្ញាណជាតិ និងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការសរសេររបស់ម្ចាស់សំណេរ។ ពាក្យត្រឹមមួយឃ្លាមិនគួរណាត្រូវបានកែម្តងហើយម្តងទៀតមិនត្រឹមត្រូវនោះទេ។ មានការលើកឡើងដែរថា គ្មានការសរសេរណាឥតខ្ចោះត្រឹមត្រូវ១០០ភាគរយនោះទេ ប៉ុន្តែត្រឹមពាក្យមួយឃ្លាគួរណាស់តែមានការពិនិត្យ ហើយប្រសិនបើមិនច្បាស់គួរ តែធ្វើការត្រួតពិនិត្យពាក្យពេចន៍មុនពេលបង្ហោះផ្សាយជាសាធារណៈព្រោះវាបានឆ្លុះបញ្ចាំងពីភាពខ្ជីខ្ជារបស់ម្ចាស់សំណេរផងដែរ។ អ្នករិះគន់លើកឡើងដែរថាអ្នកមានទូរស័ព្ទដៃទំនើបប្រើប្រាស់តម្លៃខ្ទង់ពាន់ដុល្លារអាមេរិកក៏គួរណាស់ទាញយកកម្មវិធីវចនានុក្រមខ្មែរទុកនិងស្វែងយល់ពីពាក្យដែលមិនច្បាស់ និងធ្វើជាគំរូសម្រាប់សិល្បករដទៃ។
ទោះជាយ៉ាងណានៅមិនទាន់មានការប្រតិកម្មតបទៅនឹងការរិះគន់យ៉ាងច្រើនហូរហែនេះទេ ខណៈដែលនេះមិនមែនជាលើកដំបូងទេដែលលោកទទួលរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើរឿងរ៉ាវជាច្រើនបន្តបន្ទាប់៕
ដោយ វឌ្ឍនា