ឆ្លងចរន្តអគ្គិសនី​ឆាបឆេះ​រោង​ស្តុកចំណីត្រី និងផលិតចំណីត្រី ខូចខាតអស់ទាំង​ស្រុង គិត​ជា​ទឹកប្រាក់ប្រហែល៥ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី​ឆាបឆេះ​រោង​ស្តុកចំណីត្រី និងផលិតចំណីត្រី ខូចខាតអស់​​ទាំង​ស្រុង គិត​ជា​ទឹកប្រាក់ប្រហែល៥ម៉ឺនដុល្លារ ខណៈថៅកែស្រះចិញ្ចឹមត្រីរវល់ទៅជប់លាងឡើងផ្ទះបងប្អូន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីជិត៤រសៀលថ្ងៃ​ទី​១៣ ខែ ម​ករា ឆ្នាំ២០១៦នេះ នៅស្រះចិញ្ចឹមត្រីក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែក​ព្នៅ ។

image1

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ស្រះចិញ្ចឹមត្រីខាងលើត្រូវបានគេស្គាល់ឈ្មោះ ឌឹប កៅឡាយ ភេទប្រុស អាយុ៥៨ឆ្នាំ មានទី លំនៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

ប្រភពបន្តថា រោងស្តុកចំណីត្រី និងកន្លែង ផលិតចំណីត្រី ដែលត្រូវភ្លើងឆាបឆេះនេះធ្វើពីឈើប្រក់សង្ក័សី មានទំហំទទឹង១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រកន្លះ ត្រូវបា​ន​អណ្តាតភ្លើងឆាបឆេះអស់ទាំងស្រុង ។

ប្រភពពត៌មានសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា រោងដែលត្រូវភ្លើងឆេះខាងលើមានស្តុកក្បាលត្រីចំនួន៤០តោន កន្ទក់ចំនួន១០០តោន ម៉ាស៊ីនសម្រា​ប់វ៉ៃចំណីត្រី និងជ័រស្នោកំទេចស្បែក ហើយនៅជុំវិញរោងចិញ្ចឹមត្រីនេះមានស្រះចិញ្ចឹមត្រីចំនួន៤ផងដែរ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត​ហេតុ​ម្ចា​ស់​ទីតាំងចិញ្ចឹមត្រី និងគ្រួសារបាននាំគ្នាទៅចូល​រួម​ពិធីជប់លាងឡើងផ្ទះថ្មីរបស់បងប្អូននៅភូមិកណ្តាល សង្កាត់-ខ​ណ្ឌព្រែ​ក​ព្នៅ គឺនៅ​តែកម្មករនៅចាំមើលរោងចិញ្ចឹមត្រីនេះតែប៉ុណ្ណោះ។

នៅពេលម្ចាស់ចេញពីផុត ស្រាប់តែ​ទុស្សេខ្សែភ្លើងបណ្តាលឲ្យធ្លាក់កំទេច​ផ្កា​ភ្លើងជ្រុះនៅលើកំទេចជ័រ និងស្នោស្បែកជើងដែល យកមកគរទុកសម្រាប់ដុតវ៉ៃក្បាលត្រី និងកន្ទក់ បណ្តាលឲ្យឆាបឆេះទៅគំនរក្បាលត្រី ដែ​ល​មានជាតិខ្លាញ់និងបាវកន្ទក់នៅក្បែរនោះ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមនោះត្រូវបានកម្មករនាំគ្នាដងទឹកជះពន្លត់ តែភ្លើងនៅតែឆេះខ្លាំងៗឡើង ទាល់តែ រថយន្តពន្លត់អគ្គីភ័យរបស់ស្នង​ការនគរបាលរាជ​ធានី​ភ្នំ​ពេញចំនួន២គ្រឿង និងរថយន្តពន្លត់ អគ្គីភ័យរបស់ស្ថាននីប្រេងឥន្ធនៈតេលាចំនួន៣គ្រឿងមកបាញ់ទើបរលត់អស់ទាំងស្រុង ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យខាងលើនេះឆាបឆេះរោងស្តុកចំណីត្រីនិងផលិតចំណីត្រី​អស់ទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ៥ម៉ឺនដុល្លារអាមេរិក ៕

image3

image2

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print