ភ្នំពេញ៖ ប្រជាពលរដ្ឋឃាត់ខ្លួនបុរសម្នាក់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឫស្សីកែវ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃចំនួន២គ្រឿងដែលម្ចាស់សាកថ្មទុកនៅក្នុងផ្ទះមិនបានសម្រេច ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៥ទៀបភ្លឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ នៅចំណុច ក្នុងការដ្ឋានសំណង់ សង់ផ្ទះល្វែងមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋឃាត់ខ្លួនខាងលើមានឈ្មោះ គឹម ស្រឺន អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមាន ស្រុកកំណើតនៅ ភូមិព្រែកពោធិ៍ ឃុំមឿន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឹម សុធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ និងមាន ស្រុកកំណើត ភូមិព្រែកជ្រាំង ឃុំពាមរោធិ៍ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងកើតហេតុជនសង្ស័យ បានចូលទៅក្នុងផ្ទះរួចក៍ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃចំនួន២គ្រឿង ដែលម្ចាស់កំពុងសាកថ្មលើគ្រែក្បាលដំណេកតែត្រូវម្ចាស់ឃើញទាន់ក៏ស្រែកថាចោរៗចូលលួចទូរសព្ទ័ធ្វើឲ្យមានកាភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយអន្តរាគមន៍ដេញចាប់ជនសង្ស័យ បានភ្លាមៗរួមនិងវត្ថុតាង រួចនាំខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ តែម្តង។ ចំណែកទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកស្មាតម៉ូបាយ និងម៉ាកអាយហ្វូនហ្វាយត្រូវបានសមត្ថកិច្ចយើងប្រគល់ឲ្យម្ចាស់វិញនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ