ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសស្រាល ខណៈពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយពេញទំហឹង ។
កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខវត្តទួលទំពូង តាមបណ្តោយផ្លូវម៉ៅសេងទុង ស្ថិតក្នុងសង្កាត់ទួលទំពុងទី១ ខណ្ឌចំការមន ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Noza ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BO 5789. ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេងទុងក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងធ្វើដំណើរស្របគ្នាបានបុកពីក្រោយពេញទំហឹងបណ្តាលអោយដួលបោកក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតរបួសស្រាល។
សាក្សីដដែលបានបន្តថា ក្រោយពេលកើតរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ចំណែកម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកបណ្ណោះអាយន្នរីឯសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ជីម ភារ៉ា